ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អាចនិយាយបានថា នាងជាស្ត្រីខ្មែរដំបូងហើយ ដែលបានចូលរួមប្រណាំងរថយន្ដ Off- Road សន្ដិភាពនៅទីលាន ១២ ម៉ូតូផាក នាខេត្តមណ្ឌលគីរី។

ម៉ារី ណុច បើករថយន្តលេខ ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្ត រួមប្រកួតសរុបចំនួន ២២ គ្រឿង។ កីឡាការនី ម៉ារី ណុច ទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេ មានភាពក្លាហានណាស់ ក្នុងការចូលរួមប្រកួតប្រជែង នៅលើទីលានប្រណាំងរថយន្ត Off Road នេះ។

នៅក្នុងលទ្ធផលផ្លូវការ នៃការប្រណាំង ជាមួយក្រុម Overland ឬ Class C នោះ ម៉ារី ណុច ទទួលបានចំណាត់ថ្នាក់ទី៨ ដោយទទួលបានពិន្ទុសរុប ១៣៩ ពិន្ទុ។ ការប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ Off Road មានចំនួន ៣ ក្រុម ដែលមានរថយន្តសរុបចំនួន ៦៧ គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះ ក៏មានរថយន្តរបស់ កីឡាការនី ម៉ារី ណុច ១គ្រឿង ផងដែរ។

កញ្ញា ម៉ារី ណុច បាននិយាយថាៈ កញ្ញា មិនមានភ័យខ្លាច ក្នុងការចូលរួមប្រណាំង រថយន្ត Off Road នេះសោះឡើយ ព្រោះនៅក្នុងក្រុម Overland នេះ មិនសូវជាមានឧបសគ្គលំបាកខ្លាំង ដូចនៅក្រុម Hard Core និងក្រុម Light Core នោះឡើយ គ្រាន់តែត្រូវបើកឱ្យលឿន និងមានផ្លូវកាច់កោង ឡើងចុះ ជម្រាលខ្លះៗប៉ុណ្ណោះ។

កីឡាការនី ម៉ារី ណុច ក៏មានឪពុក និងបងស្រី ជាកីឡាករ ចូលរួមប្រណាំងរថយន្ត Off Road នៅក្នុងក្រុម Hard Core និងក្រុម Light Core ដែរ ដូច្នេះហើយទើបកញ្ញា ចង់ចូលរួមប្រណាំង ដូចពួកគាត់ ហើយក៏បានជ្រើសរើស យកក្រុម Overland នេះតែម្ដង។

ក្រោយទទួលបានបទពិសោធន៍ ពីការប្រកួតនៅក្នុងក្រុម Overland នេះហើយ ម៉ារី ណុច ក៏ចង់ចូលរួមប្រកួតជាមួយក្រុម Light Core ឬ Class B ដែរ ប្រសិនបើមានការប្រកួត នៅពេលក្រោយៗទៀត៕/V-PC