ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្តុះ បណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ បានមានប្រសាសន៍ថាៈ វគ្គខាងលើ នេះ មានសិក្ខាកាមជាង ៤៨ នាក់ ចូលរួម ដើម្បីឱ្យពួកគេក្លាយគ្រូបង្វឹកមេគុនកីឡា ប្រភេទនេះ នៅតាមសាលារៀរដ្ឋ និងក្លិបតាមបណ្តាខេត្តនានា មកពី ៧ រាជធានី ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តសៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងភ្នំពេញ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ សម្រាប់គ្រូឧទ្ទេសវិញ មានចំនួន ៤ នាក់ គឺលោកគ្រូធំ ជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក លោក ហែម សំណាង លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ និងលោក ជាតិ ខេមរា ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការ ៣ នាក់ទៀត ។

លោកបានបន្តថាៈ វគ្គនេះមានគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របស់ប្រធានខេមរសហព័ន្ធ ជំរុញ ពង្រីកកីឡាមួយនេះ មានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើការសិក្សា តាមសាលារដ្ឋ។ ជាលទ្ធផល រួមមាន និទ្ទេសល្អចំនួន ១០ នាក់ (ស្រី ៤នាក់) ស្មើ នឹង​ ២០ ភាគរយ និទ្ទេសល្អបង្គួរចំនួន ១៤ នាក់ (ស្រី ៣នាក់) ស្មើនឹង ៣០ ភាគរយ និងនិទ្ទេសមធ្យម ចំនួន ២៤នាក់ (ស្រី ៦នាក់) ស្មើនឹង ៥០ ភាគរយ។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថាៈ តំណាងឲ្យលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរ សហព័ន្ធតេក្វាន់ដូ និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលមេគុន កីឡាតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ប្រចាំឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅបានរលូន ដោយសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង រួមទាំង បទពិសោធន៍ថ្មីៗ ពីគ្រូឧទ្ទេស នាពេលនេះ។

លោកបានបន្តថាៈ ក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមកោតសរសើរ និងអរគុណដល់ការខិតខំ បឹ្រងប្រែងរបស់សមាជិក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ក្នុងការបណ្តុះ បណ្តាលធនធាន កីឡាតេក្វាន់ដូ WT សម្រាប់បន្តវេនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ ប្រភេទកីឡាតេក្វាន់ដូ WTកម្ពុជា ឲ្យបានទូលំទូលាយ ទៅដល់សាធារណជន ទូទៅ គ្រប់ស្រទាប់វណ្ណៈ និងទូទាំងរាជធានី-ខេត្ត នាពេលអនាគត។

ការរៀបចំវគ្គបណ្តុះបណ្តាល មេគុនកីឡាតេក្វាន់ដូថ្នាក់មូលដ្ឋាន នាពេលនេះ គោលដៅគឺចង់ឲ្យប្អូនៗ សិក្ខាកាមទាំងអស់ យកទៅហាត់រៀន និងបង្ហាត់ នៅតាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀមចូលរួម កម្មវិធីប្រកួតកីឡាតេក្វាន់ដូ WTនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានបន្តថាៈ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រ ថវិកា​របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកមេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធី ប្រកួតជាលក្ខណៈអន្តរជាតិនានា៕/V-PC