ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មនុស្សយ៉ាងតិច៦៨នាក់បានស្លាប់កាលពីថ្ងៃអាទិត្យទី១៥មករា នៅពេលដែលជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានធ្លាក់នៅទីក្រុងប៉ូខារ៉ា (Pokhara) ក្នុងប្រទេសនេប៉ាល់ ជាការធ្លាក់យន្តហោះដ៏អាក្រក់បំផុតក្នុងរយៈពេលបីទសវត្សរ៍នៅក្នុងប្រទេសតូចមួយនៃតំបន់ភ្នំហេមពាន្តមួយនេះ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានរុករកតាមជម្រាលភ្នំ កន្លែងដែលជើងហោះហើរដែលដឹកមនុស្សចំនួន ៧២ នាក់មកពីរដ្ឋធានីកដ្ឋមណ្ឌូបានធ្លាក់។
ក្រុមមន្ត្រីបានបិទប្រតិបត្តិការស្វែងរកសម្រាប់ល្ងាចថ្ងៃអាទិត្យ ដោយនិយាយថា ពួកគេនឹងបន្តរុករកអ្នកបាត់ខ្លួន៤នាក់ទៀតនៅថ្ងៃចន្ទនេះ។
វីដេអូពីទូរទស្សន៍ក្នុងស្រុកមុននេះបានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងរុករកផ្នែកដែលខូចនៃយន្តហោះ។ ដីខ្លះនៅជិតកន្លែងធ្លាក់ត្រូវភ្លើងឆេះខ្ទេចខ្ទី ដោយអណ្តាតភ្លើងអាចមើលឃើញយ៉ាងច្បាស់។
អាកាសធាតុមានភាពល្អប្រសើរធម្មតា ហើយគេមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះបានទេ។
បណ្តាញសុវត្ថិភាពអាកាសចរណ៍បានបង្ហាញថា វាជាការធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់នេប៉ាល់ចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់លើភ្នំពេលហោះទៅកាន់ទីក្រុងកដ្ឋមណ្ឌូ ដោយសម្លាប់មនុស្សទាំង ១៦៧ នាក់នៅលើនោះ៕
មនុស្សយ៉ាងតិច៦៨នាក់បានស្លាប់កាលពីថ្ងៃអាទិត្យទី១៥មករា នៅពេលដែលជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានធ្លាក់នៅទីក្រុងប៉ូខារ៉ា