ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើទស្សនកិច្ចនៅខេត្តវិញឡុង និងខេត្តដុងថាប សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៩ ខែមករា ឆ្នាំ២០២៣ នេះដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរភាគី ដោយយោងតាមការអនុញ្ញាត និងឯកភាពជាគោលការណ៍ ដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់ភាគីវៀតណាម ដែលរៀងរាល់ឆ្នាំ អាច១ឬ២ដង ប្រតិភូភាគីទាំងពីរ តែងផ្លាស់ប្តូរទស្សនកិច្ចគ្នា ពិសេសចំឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ និងបុណ្យចូលឆ្នាំ ប្រពៃណីវៀតណាម ឬពេលសមគួរណាមួយ ។

យោងតាមកម្មវិធីទស្សនកិច្ច ទៅកាន់ខេត្តវិញឡុង និងខេត្តដុងថាប សាធារណរដ្ឋ សង្គមនិយមវៀតណាមនោះ នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានឱ្យរស្មីកម្ពុជាដឹង នាថ្ងៃទី១៥ ខែមករាថាៈ គណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយ មានជ័យ នឹងបំពេញទស្សនាកិច្ច រយៈពេល ៤ ថ្ងៃ (១៦-១៩ ខែមករា ឆ្នាំ២០២៣ ) ដោយបំពេញការងារ នៅខេត្តវិញឡុង នាថ្ងៃទី១៦-១៧ ខែមករា និងខេត្តដុងថាប នាថ្ងៃទី១៧-១៩ ខែមករា ។

សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តសម្ព័ន្ធមេត្រីភាព ជាមួយខេត្តដុងថាប និងខេត្តវិញឡុង។ ចំណែកខេត្តវិញឡុងវិញ.មានចំណងមេត្រីភាព ជាមួយ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ។ ខេត្តដុងថាប មានចំណងមេត្រីភាព ជាមួយខេត្តព្រៃវែង ពោធិសាត់ និងខេត្តបន្ទាយមានជ័យ ។

ភាគីទាំងពីរ បានធ្វើអនុស្សរណៈយោគយល់គ្នា លើសម្ព័ន្ធភាពនេះ ដោយមួយលើកៗ មានរយ:ពេល ៣ ទៅ ៥ ឆ្នាំ ។ ខេត្តខាងលើ មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ចំណូលពីវិស័យធំ គឺសេដ្ឋកិច្ច សង្គមកិច្ច យោធា ។

សូមបញ្ជាក់ដែរថា គណៈប្រតិភូ នៃខេត្តសម្ព័ន្ធភាពខាងលើ បានផ្អាកការផ្លាស់ប្តូរ ទស្សនកិច្ច ទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ (២០២០-២០២១) ដោយសារវិបត្តិសាកល នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ។ ប៉ុន្តែ ដោយស្ថានភាពជំងឺនេះ អាចគ្រប់គ្រងបាន ប្រតិភូខាងភាគីវៀតណាម បានអញ្ជើញមកទស្សនកិច្ច នៅខេត្តនានា ខាងកម្ពុជា កាលពីខែមីនា និង មេសា កន្លងមកនេះរួចហើយ ។ ហេតុនេះ ពេលនេះ ប្រតិភូពីខាងខេត្ត នៃភាគីកម្ពុជា បានប្តូរវេនទៅទស្សនកិច្ច ខាងខេត្តនៃភាគីវៀតណាមវិញ ៕/V-PC