តំបន់​ភូមិភាគ​ឥ​សាន្ត​នៅតែ​រក្សាបាន​កំនើន​ភ្ញៀវ​ទេសចរណ៍​

2986
ចែករម្លែក

(​ភ្នំពេញ​)៖ បណ្តា​ខេត្ត​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត នៅតែ​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដោយ​គិត​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ សម្រេចបាន​កំនើន​ភ្ញៀវ​ទេសចរណ៍​ខ្ពស់ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក​គង់ វិមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ​ថា​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​ខេត្តមណ្ឌលគិរី​មាន​ចំនួន​១១២.៣០០​នាក់ កើនឡើង​២៥,១៧​ភាគរយ​ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​១០៦.៤៥៤​នាក់​កើនឡើង​២៣,៤៨​ភាគរយ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​៥.៨៤៦​នាក់​កើនឡើង​៦៦,៨៨​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក​បន្តថា “​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នេះ ដោយសារ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត បាន​ទូលំទូលាយ​ជាង​មុន ផ្លូវ​ធ្វើដំនើរ​កាន់តែ​មាន​ភាព​ងាយស្រួល សម្បទា​ទេសចរណ៍​កាន់តែ​ល្អប្រសើរ និង​សន្តិសុខ សុវត្ថិ​ភាពជា​កត្តា​សំខាន់​”​។​លោក​បន្តថា ខេត្តមណ្ឌលគិរី​មាន​រមណីយដ្ឋាន​សរុប​ចំនួន​១៩​កន្លែង ក្នុងនោះ​ពីរ​កន្លែង​ទើប​រកឃើញ​ដែលមាន​ទីតាំងនៅ​ឃុំ​ដាក់​ដាំ​និង​ក្បែរ​ជ្រោះ​ប៊ូ​ស្រា​”​។​

​ខេត្តមណ្ឌលគិរី​មានផ្ទះ​សំណាក់​ចំនួន​៥៧​កន្លែង មាន​បន្ទប់​ចំនួន​៧៨០ និង​មាន​សណ្ឋាគារ​សរុប​ចំនួន​៩​មាន​បន្ទប់​សរុប​ចំនួន​៣៧១​បន្ទប់​។​

​ចំណែក​ខេត្តរតនៈគិរី​វិញ ចំនួន​ភ្ញៀវ​ទេសចរណ៍​ក៏​បាននិងកំពុង​កើនឡើង​ផងដែរ​។​

​លោក​ង៉ែត ពិ​ទូ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនៈគិរី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ខេត្តរតនៈគិរី មាន​ចំនួន​ជិត​១២​ម៉ឺន​នាក់ កើនឡើង​៣,៧៥​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់​។​

​លោក​បន្តថា ខេត្តរតនៈគិរី​មាន​រមណីយដ្ឋាន​សរុប​ចំនួន​១៤​កន្លែង ផ្ទះសំណាក់​ចំនួន​៣៦ និង​សណ្ឋាគារ​សរុប​ចំនួន​១៤​និង​មាន​បន្ទប់​សរុប​ចំនួន​ជាង​១០០០​បន្ទប់​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី បាន​ថ្លែងថា​បណ្តា​ខេត្ត​នៅតាម​តំបន់​ភូមិភាគ​ឥ​សាន្ត​កាន់តែ​មាន​ភាព​ទាក់ទាញ និង​មាន​សក្តានុពល​ជាង​មុន ដោយសារ​វា​ជា​តំបន់​វប្ប​ធ៌​ម និង​ធម្មជាតិ​ដែលមាន​ទឹកធ្លាក់ និង​រមណីយដ្ឋាន​ទាក់ទាញ​កាន់តែច្រើន ពិសេស​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​កាន់​តែមាន​ភាពល្អប្រសើរ​។​

​លោក​បន្តថា “​បណ្តា​ភូមិភាគ​ឥ​សាន្ត​គួរតែមាន​ការហោះហើរ​ត្រង់ ព្រោះ​លោក​ជឿថា​ប្រសិនជា​មានការ​ហោះហើរ​ត្រង់​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​នៅ​តំបន់​ទាំងនោះ​កាន់តែច្រើន​ថែមទៀត​”៕

​រមណីយដ្ឋាន​នានា​នៅតាម​បណ្តា​ភូមិភាគ​ឦ​សាន្ត​(​រូបថត​ឯកសារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម