ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពី ត្រូវបានកែលំអឡើងវិញ រាល់សមិទ្ធផល ចាស់ៗ និងកសាងថ្មីបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់នាទីតាំងនេះ។

លោកវរសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃនាយកដ្ឋានវិទ្យាស្ថានប្រវត្តិសាស្រ្ត យោធា បានមានប្រសាសន៍ដូច្នេះ ខណៈពេលលោក បានអញ្ជើញចុះពិនិត្យស្ថាន ភាពជាក់ស្ដែង ដើម្បីចាក់បំពេញទីធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោសាតាំង បញ្ចៀសការលិចលង់ នារដូវវស្សា កាលពីថ្ងៃទី១៤ មករា ២០២៣ កន្លងទៅថ្មីៗនេះ។

លោកវរសេនីយ៍ឯក ផុន សុធារ៉ា មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករង ខេត្តបន្ទាយមានជ័យ លោកស្រី មួង សុភឿន អភិបាលរងស្រុកម៉ាឡៃ លោក ជា រិទ្ធ មេបញ្ជាការផ្នែកសឹករងស្រុកម៉ាឡៃ ពលទាហាន និងមន្ត្រីមូលដ្ឋានចូលរួម។

លោកស្រី អភិបាលរងស្រុកម៉ាឡៃ បានឱ្យដឹងថាៈ កន្លងមក ទីតាំងប្រវត្តិសាស្ត្រ រងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណធ្លាទីតាំងប្រវត្តិសាស្ត្រ លិចសួនច្បារ បង្ករឱ្យដើមឈើជាច្រើន ងាប់ជាបន្តបន្ទាប់។ ដោយមើលឃើញផលប៉ះពាល់នេះ អភិបាលស្រុកម៉ាឡៃ លោក ស្វា ជា បានគៀងគរសប្បុរសជន ដាក់លូរំដោះទឹក ប្រមាណជា ២២៥ កង ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ ម៉ែត្រ ចូលក្នុងទីតាំងប្រវត្តិសាស្ត្រ ផងដែរ។

លោកស្រី មួង សុភឿន បានថ្លែងអំណរគុណដល់សប្បុរសជន ក្នុងមូលដ្ឋាន ពិសេសលោក ឈឹត ឈឿន ប្រធានក្រុមហ៊ុន KC គ្រុប តំបន់ប្រតិបត្តិការសឹករង ម៉ាឡៃ ផ្នែកប្រតិបត្តិការសឹករងម៉ាឡៃ ដែលបានគំាទ្រ និងថែរក្សា កន្លងមក។

លោកវរសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃនាយកដ្ឋានវិទ្យាស្ថានប្រវត្តិសាស្រ្ត យោធា បានមានប្រសាសន៍ថាៈ ក្រោយមានការលិចលង់ ដោយជំនន់ទឹកភ្លៀង ក្រុមការងារស្រាវជ្រាវប្រវត្តិសាស្ត្រយោធា គ្រោងនឹងស្ថាបនាឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលំអឱ្យគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង ព្រោះតំបន់នេះ នឹងក្លាយជាទីតាំង ទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សា ស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងសម័យមុនៗ ដែលវីរៈជន បានសាងឡើង ក្នុងបំណងការពារបូរណភាពទឹកដី។ លោកបានថ្លែងអំណរគុណ ដល់គ្រប់បណ្ដា អង្គភាពព័ន្ធ និងសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ​ទាំងស្មារតី និងថវិកា ដើម្បីឱ្យតំបន់ប្រវត្តិសាស្រ្តមួយ លេចមុខមាត់ សម្រាប់គោលបំណងទេសចរណ៍ នាពេលអនាគត ៕/V-PC