ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និង ៣៩នាក់រងរបួសកាលពីថ្ងៃអាទិត្យទី១៥មករាក្នុងការវាយប្រហារដោយគ្រាប់បែកលើព្រះវិហារមួយកន្លែងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលអះអាងទទួលខុសត្រូវដោយក្រុមជីហាដ រដ្ឋអ៊ីស្លាម។
អ្នកនាំពាក្យយោធាកុងហ្គោលោក អានថូនី មូលូសាយី (Antony Mualushayi) បាននិយាយថា “អំពើភេរវកម្ម” បានកើតឡើងនៅក្នុងព្រះវិហារប្រូតេស្តង់មួយក្នុងទីប្រជុំជនកាស៊ីនឌី (Kasindi)ភាគខាងជើងខេត្តគីវូ (Kivu) នៅជាប់ព្រំដែនជាមួយប្រទេសអ៊ូហ្គង់ដា។
លោកបានបន្ថែមថា ការផ្ទុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងរបួស ៣៩ នាក់ តែតួលេខនេះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។
ប៉ុន្តែអ្នកនាំពាក្យសម្រាប់ប្រតិបត្តិការយោធារបស់អ៊ូហ្គង់ដានៅកុងហ្គោ លោក ប៊ីឡាល់ កាតាមបា (Bilal Katamba) បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា មនុស្ស ១៦នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនេះ និង ២០ នាក់ទៀតរងរបួស។
លោកបានបន្ថែមថា “ជនវាយប្រហារបានប្រើគ្រាប់បែក IED ដើម្បីអនុវត្តការវាយប្រហារ ហើយយើងសង្ស័យថា ក្រុម ADF គឺជាអ្នកនៅពីក្រោយការវាយប្រហារ”។
ទីភ្នាក់ងារសារព័ត៌មាន AFP មិនអាចបញ្ជាក់ដោយឯករាជ្យអំពីចំនួនអ្នកស្លាប់បាននោះទេ។
ADF គឺជាក្រុមមួយក្នុងចំណោមក្រុមប្រដាប់អាវុធដ៏កាចសាហាវបំផុតជាង ១២០ នៅភាគខាងកើតកុងហ្គោដែលក្រុមភាគច្រើនកើតចេញពីកេរដំណែលនៃសង្គ្រាមនៅដើមសតវត្សទី២១នៅក្នុងប្រទេសក្រីក្រដ៏ធំល្វឹងល្វើយមួយនេះ។
ក្រុមនេះត្រូវបានចោទប្រកាន់ថាបានសម្លាប់ជនស៊ីវិលកុងហ្គោរាប់ពាន់នាក់និងធ្វើការវាយប្រហារដោយគ្រាប់បែកនៅអ៊ូហ្គង់ដា។ អ្នកប្រយុទ្ធរបស់ ADFក៏ធ្លាប់បានបង្កប់គ្រាប់បែកនៅតាមទីក្រុងនានានៅខេត្តគីវូភាគខាងជើងនាពេលកន្លងមកផងដែរ។
កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយនិយាយថា “មនុស្សជិត ២០ នាក់” ត្រូវបានសម្លាប់ នេះបើយោងតាមក្រុមជំនាញខាងឃ្លាំមើលមួយ ហៅថា ក្រុមចារកម្ម Site។
អ្នកនាំពាក្យកងទ័ពលោកមូលូសាយីបាននិយាយថា ជនសង្ស័យកេនយ៉ាម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយប្រហារនេះ៕
កុងហ្គោបានដាក់ខេត្តគីវូក្រោមការត្រួតត្រារបស់យោធាដើម្បីកម្ទេចក្រុមប្រដាប់អាវុធជាច្រើននៅទីនោះ