ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យទី១៥មករាថា មនុស្សយ៉ាងតិច ២៧ នាក់បានស្លាប់នៅក្នុងព្យុះនៅទូទាំងប្រទេសហ្វីលីពីនក្នុងខែនេះខណៈអ្នកព្យាករណ៍អាកាសធាតុបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិមួយនេះ។
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានញាំញីកោះភាគខាងត្បូងនិងភាគកណ្តាលរបស់ប្រទេសចាប់តាំងពីចុងសប្តាហ៍បុណ្យណូអែល ដោយបង្ខំមនុស្សរាប់សែននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ការិយាល័យការពារជនស៊ីវិលបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យថាចាប់តាំងពីដើមឆ្នាំ ២០២៣មក ព្យុះចំនួនបីបានសម្លាប់មនុស្ស ២៧ នាក់នៅទូទាំងប្រទេស។
មនុស្ស១១នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនិងបីនាក់កំពុងបាត់ខ្លួន។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរដ្ឋ Pagasa បានព្រមានកាលពីថ្ងៃអាទិត្យអំពីភ្លៀងធ្លាក់ខ្លាំងនៅឧបទ្វីបប៊ីខូល (Bicol)និងខេត្តក្វេហ្សុន (Quezon) នៅចុងភាគខាងត្បូងនៃកោះលូហ្សុន (Luzon)។
Pagasa បាននិយាយនៅក្នុងការណែនាំមួយថា “នៅក្រោមស្ថានភាពទាំងនេះ ទឹកជំនន់និងការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងទំនងជាកើតឡើងនៅតាមតំបន់ខ្ពស់ៗ…និងតំបន់ងាយរងគ្រោះធម្មជាតិ”។
យោងតាមការិយាល័យការពារជនស៊ីវិលបានឱ្យដឹងថា មនុស្សជាង ៨៣.០០០ នាក់កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស ហើយផ្ទះជាង ១.២០០ ខ្នងត្រូវបានខូចខាតដោយសារទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង៕
សមាជិកឆ្មាំសមុទ្រហ្វីលីពីនជួយអ្នកស្រុកដែលរងគ្រោះដោយទឹកជំនន់នៅក្នុងទីក្រុង Lamitan ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣