ដោយៈសុផល/ភ្នំពេញ៖ ឧត្ដមមន្ត្រីក្រសួងទេសចរណ៍កម្ពុជាដឹកនាំ ដោយលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត Ahmed Salih អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ និងសហការីកាលពីរសៀល ថ្ងៃទី១៥ខែមករាឆ្លៀតឱកាសចូលរួមក្នុងគណៈប្រតិភូអមសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទសម៉ាល់ឌីវបានជួបពិភាក្សាការងារនៅក្រសួងទេសចរណ៍ម៉ាល់ឌីវដើម្បីរៀបចំយន្តការការងារក្នុងការបង្កើនកិច្ចសហការទេសចរណ៍នៃប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា−ម៉ាល់ឌីល ដែលនឹងត្រូវផ្លាស់ប្ដូរគ្នា ដោយរដ្ឋមន្ត្រីទេសចរណ៍ចំពោះមុខនៃប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅថ្ងៃទី១៦ ខែមករា ។

ប្រភពក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៦ខែមករានេះបានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះក្រុមការងារនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃ ឃើញកាលានុវត្តភាពដ៏ធំធេងក្នុងការជំរុញការលំហូរទេសចរនៃប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចជាលើកដំបូង របស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី នៅប្រទេសម៉ាល់ឌីវ ។ មន្ត្រីជំនាញក៏បានឯកភាពគ្នាបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលនឹងត្រូវពិនិត្យពិភាក្សាដើម្បីរៀបចំផែនការអនុវត្តអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕សរន / N