ដោយ:បូកគោ/កំពតៈបុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបើករថយន្ត ក្នុងល្បឿនលឿនហើយជ្រុលចង្កូតបុកបង្កាន់ដៃស្ពានបណ្តាលឱ្យក្រឡាប់ឆាបឆេះ។ ហេតុការណ៍នេះបានកើតឡើងនៅលើដង ផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិស្នោតូច ឃុំអង្គ-រមាសស្រុកដងទង់ កាលពីម៉ោងជាងយប់ថ្ងៃទី១៥ខែមករាម្សិលមិញ។បើតាមទិដ្ឋភាព គ្រោះថ្នាក់មួយនេះគួរឱ្យរន្ធត់ដែលអ្នកបើកបរទាំងឡាយសូមបើកបរដោយប្រុងប្រយ័ត្ន។

នគរបាលនៃអធិការដ្ឋានស្រុកដងទង់បានឱ្យដឹងថាបុរសរងគ្រោះដែលបង្កដោយខ្លួនឯងឈ្មោះជួន មករា អាយុ ៣៨ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត។ករណីគ្រោះថ្នាក់ចរាចរនេះបាន កើតឡើងត្រង់ចំណុចស្ពានត្រើងនៅលើដងផ្លូវជាតិលេខ៣ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១១៦-១១៧។

ប្រភពព័ត៌មានបានឱ្យដឹង មុនកើតហេតុ អ្នកជិតខាងបានឃើញ រថយន្តមួយគ្រឿងបើកមកពីទិសខាងកើតដោយល្បឿនលឿនរហូតជ្រុលបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យក្រឡាប់ហើយឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ឃើញបែបនោះ អ្នកជិតខាងក៏បានចូល ទាញ លើកយកអ្នកបើកបរដែលកំពុងរងរបួសធ្ងន់ចេញ រួច ទំនាក់ ទំនង ហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តដែលជួបហេតុការណ៍អាក្រក់នេះម៉ាកឡិចស៊ីស៣៣០ ពាក់ស្លាកលេខភ្នំពេញ2AZ-5701 ។ឡាន ដែល ឆេះរោលសល់តែសម្បកត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ជាបណ្តោះអាសន្ន៕សរន / N