ដោយៈម៉េងឆៃ/ភ្នំពេញ៖វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឧបករណ៍​បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន បានប្រារព្ធបើកនៅព្រឹកថ្ងៃទី ១៦ ខែមករានេះ ក្រោមអធិបតីភាពលោក ហេង រតនាប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​(ស៊ីម៉ាក់,CMAC) លោក ណូស៊ូម៉ុ យ៉ាម៉ាស្សីតាក់ (Mr. Nozomu Yamashita) ប្រធាននាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាព​ប្រចាំការិយាល័យចៃកាទីក្រុងតូក្យូ។វគ្គនេះ ដំណើរការនៅវិទ្យា​ស្ថាន​ហ្វឹកហ្វឺនបច្ចេកទេសសកម្មភាពកំចាត់មីន ។

 

គ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឧបករណ៍​បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន បានប្រារព្ធបើកនៅព្រឹកថ្ងៃទី ១៦ ខែមករានេះ(រូបថត ស៊ីម៉ាក់)

ប្រភពស៊ីម៉ាក់បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការលើ​សកម្មភាព​កំចាត់មីនមនុស្សធម៌ជាមួយប្រទេសអ៊ុយក្រែនតាមរយៈផ្ដល់ការហ្វឹកហ្វឺនដល់មន្រ្តីជំនាញអ៊ុយក្រែនលើបច្ចេកវិទ្យាឧបករណ៍​បោស​​សម្អាតមីននេះនឹងប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២១ ខែមករាមជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

យោងតាមប្រសាសាន៍លោកប្រតិភូបានឱ្យដឹងថា រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយរដ្ឋាភិបាលជប៉ុន​ បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ ជូន ដល់ មន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន។

 

បញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនបាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមានបំណងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។ ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជា​សកម្មភាព​​មនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាព​ប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្តារឡើងវិញនូវហេដ្ឋា​រចនា​សម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្មជាដើម។ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាត គ្រាប់ មីន និងសំណល់​យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពល​រដ្ឋលើសុខ សុវត្ថិភាព និងការស្ដារ ជីវភាពរស់នៅឡើងវិញត្រូវការ​ពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។

លោកប្រតិភូបន្តថា ផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ និងដោះស្រាយបញ្ហាគ្រាប់មីន និង​សំណល់យុទ្ធភណ្ឌ​សង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការ​អនុវត្តសកម្មភាពកំចាត់មីនមនុស្សធម៌តាំងពីឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខដោយសារសង្រ្គាម និងបញ្ហាប្រឈមជាមួយនឹង​គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ។

ប្រភពស៊ីម៉ាក់បានបញ្ជាក់ទៀតថា យោងតាមក្នុងស្មារតី នាសម័យ​ប្រជុំកំពូលអាស៊ានលើកទី ៤០-៤១កន្លងទៅ សម្តេចអគ្គមហា​សេនា​នបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សានិងឯកភាពជាមួយ ឯកឧត្តម គិស្សិដា ហ្វូមិអូ (KISHIDA Fumio)នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការ​បោសសម្អាតមីនមនុស្សធម៌នៅប្រទេសអ៊ុយក្រែន។

ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះហើយ ទើបថ្ងៃនេះ អង្គភាពCMAC រៀបចំការហ្វឹកហ្វឺនជូន មន្រ្ដី ជំនាញ​សកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន ផ្តោតលើការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ អាលីស (ALIS) ផលិតនៅ​ប្រទេស​ជប៉ុន។

ក្នុងឱកាសបើកវគ្គនេះដែរលោក ហេង រតនា ក៏បានថ្លែងអំណរគុណ​យ៉ាងស្មោះស្ម័គ្រចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន និងជាពិសេសចំពោះភាពជាអ្នកដឹកនាំរបស់ ចៃកាដែល​អនុញ្ញាត​ឱ្យមានការចាប់ផ្តើមដ៏ល្អមួយក្នុងការលើកកម្ពស់គម្រោងសាកល្បងនេះក្នុងការផ្តល់នូវបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនហៅថា ALIS ដល់អ្នកបោសសម្អាតមីននៃប្រទេសអ៊ុយក្រែន។

មានប្រសាសន៍ក្នុងកម្មវិធីបើកនេះផងដែរ លោក ណូស៊ូម៉ុ យ៉ាម៉ាស្សីតាក់ បានឱ្យដឹងថាបទពិសោធន៍ដែលប្រទេស​ជប៉ុនធ្លាប់​ធ្លាក់ក្នុងសង្រ្គាមកាលពី៧៨ឆ្នាំ បានធ្វើឲ្យប្រទេសនេះបានប្រឹង​ប្រែង​ក្នុងការបោសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមដែលនៅសេសសល់ និងបានបង្កើតនូវបច្ចេកវិទ្យាដើម្បីបប្រើឲ្យក្នុងវិស័យបោសសម្អាតមីន ព្រមទាំងបានជួយដល់ប្រទេសដែលរងគ្រោះដោយសារសោដនាកម្មនេះផងដែរ។ អង្គភាពស៊ីម៉ាក់គឺជាស្ថាប័នជំនាញ និងជាដៃគូដែល​អាចផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសដទៃ ជាក់ស្តែងថ្ងៃនេះអ្នក​ឯកទេស​ស៊ីម៉ាក់ នឹងចាប់ផ្តើមហ្វឹកហ្វឺនដល់អ្នកអ្នកបោសសម្អាតមីន​អ៊ុយក្រែន​ជាដើម។

លោក Vladyslav Fedortsov អនុប្រធាននាយកដ្ឋានមជ្ឈ​មណ្ឌល​អន្តរតំបន់បោសសម្អាតមីនមនុស្សធម៌ និងការឆ្លើយតបគ្រាអាសន្ន និងជាប្រធានក្រុមសិក្ខាកាមបានមានប្រសាសន៍​ថា នាមជាប្រទេស​ដែលរង​ការឈ្លានពានពីប្រទេសមួយផ្សេងទៀត សំណល់យុទ្ធភណ្ឌ​សង្រ្គាម នៅតំបន់សមរភូមិ និងបង្ករវិនាសកម្មយ៉ាងធំធេងដល់​ប្រជាជនអ៊ុយក្រែន។ ក្នុងនាមអ្នកបោសសម្អាតគ្រាប់មីន និង​សំណល់យុទ្ធភណ្ឌសង្រ្គាម ពួកយើងពិតជាយល់ច្បាស់​ពី​បញ្ហាប្រឈមនេះ។ ប្រទេសអ៊ុយក្រែនមានជំនឿយ៉ាងមុតមាំថា បទពិសោធន៍ដែលផ្តល់ដោយអង្គភាពស៊ីម៉ាក់ ក្នុងវិស័យបោសសម្អាត​មីននេះនឹងផ្តល់លទ្ធភាព ចំណេះជំនាញប្រកបដោយវិជ្ជាជីវៈ ដើម្បី​រំដោះបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌនៅក្នុងប្រទេស​អ៊ុយក្រែន៕សរន-PC

(រូបថត ស៊ីម៉ាក់)