ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុង ខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈានដល់ការតភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ពិធីតភ្ជាប់តួស្ពានបេតុង ខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការ ចូលរួមពីមន្ត្រីជំនាញ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃ១៦ មករានេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបនេះ មានប្រវែង ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង, កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង ៣,៧៥ ម៉ែត្រ , គន្លងធ្វើចរាចរ ២ខ្សែទៅ និង ២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមា នៅរដូវវស្សា ១០,៥ ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OOOCIC ដោយប្រើរយៈពេលវេលា ២៨​ខែ និងប្រើប្រាស់ថវិកាសាងសង់ ចំនួន ៣៥ ​លានដុល្លារអាមេរិក​។

គម្រោងស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើត ផ្លូវថ្មី តភ្ជាប់ចរាចរក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹង ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ ខាងមុខនេះ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញ ជាអធិបតី បើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កន្លងមក ហើយស្ពាននេះ គ្រោងនឹងបញ្ចប់ ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕ V / N