ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ជនរងគ្រោះដំបូងៗពីការវាយប្រហារដោយកាំជ្រួចរុស្ស៊ីលើប្លុកអាគារមនុស្សរស់នៅមួយត្រូវបានរាយឈ្មោះនៅពេលចំនួនមនុស្សស្លាប់ពីការវាយប្រហារមួយប្រាវកាលពីថ្ងៃសៅរ៍បានកើនដល់៣០នាក់មកទល់ពេលនេះខណៈពួកអ្នកជួយសង្គ្រោះនិងស្វែងរកបានបន្តខិតខំស្វែងរកអ្នកនៅមានជីវិតនិងសាកសពបន្ថែមក្នុងអាកាសធាតុត្រជាក់ដល់កក។
បុគ្គលិកគ្រាអាសន្នបាននិងកំពុងធ្វើការទាំងថ្ងៃទាំងយប់លើគំនរអាគារបាក់បែកនៅក្រោយការវាយប្រហារដោយកាំជ្រួចរុស្ស៊ីនៅទីក្រុងដ្នីប្រូភាគកណ្តាលរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃសៅរ៍។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថាមនុស្ស៧៣នាក់បានរងរបួស និង៣៩នាក់ត្រូវបានជួយសង្គ្រោះតាំងពីមុនមក នៅពេលអាជ្ញាធរក្រុងបាននិយាយថា មនុស្ស៤៣នាក់ទៀតកំពុងបាត់ខ្លួន។
មន្ត្រីអ៊ុយក្រែនក្នុងពេលជាមួយគ្នាបានបង្ហោះរូបភាពបុគ្គលិកជួយសង្គ្រោះបានរកឃើញនិងទាញចេញអ្នកនៅមានជីវិតពីគំនរអាគារ។អភិបាលតំបន់លោក វ៉ាឡេនទីន រ៉េហ្ស៍នីឆេនកូ(Valentyn Reznichenko)បាននិយាយថា ក្មេងចំនួនប្រាំពីរនាក់ត្រូវបានជួយសង្គ្រោះនិងនាំទៅកាន់មន្ទីរពេទ្យដោយសាររបួស។
យោងតាមយោធាអ៊ុយក្រែន កាំជ្រួចដែលធ្លាក់ត្រូវចំអាគាសនេះគឺKh-22បាញ់ដោយកងកម្លាំងរុស្ស៊ីចេញពីតំបន់ឃឺស(Kursk)នៅរុស្ស៊ី។ប្លុកអាគារទាំងមូលបាក់ទៅជាគំនរថ្មនៅពេលកំណាត់ដែលឆេះរោលប៉ើងទៅកាន់វិថីក្បែរនោះ។
បុគ្គលិកជួយសង្គ្រោះប្រើរថយន្តស្ទូចនិងត្រាក់ទ័រចូកនៅគំនរប្លុកអាគារដែលបាក់ក្រោយត្រូវកាំជ្រួចរុស្ស៊ីកាលពីយប់ថ្ងៃសៅរ៍នៅពេលជនរងគ្រោះខ្លះប្រើភ្លើងចេញពីទូរស័ព្ទដៃរបស់គេដើម្បីអោយសញ្ញាសុំជំនួយសង្គ្រោះ។
បុគ្គលិកអគ្គិភ័យក៏ត្រូវបានបញ្ជូនចូលដើម្បីពន្លត់ភ្លើងដែលឆេះក្រោយការវាយប្រហារ នៅពេលអ្នកជួយសង្គ្រោះចាប់ផ្តើមជីកកាយរកជនរងគ្រោះ ទាំងស្លាប់និងអ្នកនៅមានជីវិត។
ការវាយប្រហារតាមផ្លូវអាកាសមួយប្រាវធំកាលពីថ្ងៃសៅរ៍ក៏បានសំដៅរដ្ឋធានីគៀវ និងទីក្រុងខាគីវនៅប៉ែកឦសាន ដោយបញ្ចប់ការស្ងប់ស្ងាត់អស់ពេលពីរសប្តាហ៍។
បើតាមមេទ័ពអ៊ុយក្រែន រុស្ស៊ីបានបាញ់កាំជ្រួច៣៣ដើមកាលពីថ្ងៃសៅរ៍ ក្នុងនេះ២១ដើមត្រូវបានបាញ់ទម្លាក់។
ក្នុងពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៊ីមិនបាននិយាយអំពីការវាយប្រហារនៅក្រុងដ្នីប្រូទេ តែថា«គោលដៅកំណត់ទុកទាំងអស់ត្រូវបានវាយប្រហារ»នៅពេលប្រធានាធិបតីរុស្ស៊ីលោកពូទីនបាននិយាយថាប្រតិបត្តិការយោធាពិសេសកំពុងបង្ហាញនិន្នាការវិជ្ជមានមួយនិងលោកសង្ឃឹមថា ទាហានរុស្ស៊ីនឹងដណ្តើមបានទឹកដីបន្ថែមក្រោយការវាយយកបានទីប្រជុំជនសូឡេដា(Soledar)៕
បុគ្គលិកជួយសង្គ្រោះអ៊ុយក្រែនស្ទូច ជីកនិងកាយថ្មចេញដើម្បីរកជនរងគ្រោះនៅគំនរអាគារធំមួយនៅក្រុងដ្នូប្រូ ក្រោយការវាយប្រហាររបស់រុស្ស៊ីកាលពីយប់ថ្ងៃសៅរ៍