ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ បេក្ខនារីបវរកញ្ញាចក្រវាលមកពីប្រទេសអែលសាល់វ៉ាឌ័របានឡើងលើឆាកក្នុងសប្តាហ៍នេះ ដោយស្លៀកពាក់ឈុតកាក់មាសដែលបំផុសគំនិតដោយលុយអេឡិចត្រូនិច Bitcoin ដើម្បីរំលឹកដល់ប្រទេសរបស់នាង ដែលបានក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកដែលទទួលយករូបិយប័ណ្ណអេឡិចត្រូនិចឬគ្រីបតូជាលុយស្របច្បាប់កាលពីពីរឆ្នាំមុន។
រាជនីសម្រស់អែលសាល់វ៉ាឌ័រ នាង អាឡេចានដ្រា ហ្គាចាដូ (Alejandra Guajardo) ដែលចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី ៧១របស់កម្មវិធីប្រឡងបវរកញ្ញាសកលមួយនេះនៅទីក្រុងញូវអ័រលីន (New Orleans)សហរដ្ឋអាម៉េរិកកាលពីថ្ងៃសៅរ៍ បានចែករំលែករូបថតនិងវីដេអូរបស់នាងនៅក្នុងឈុតសម្លៀកបំពាក់នេះនៅលើ Instagramកាលពីល្ងាចថ្ងៃពុធសប្តាហ៍មុន ដែលអមជាមួយស្បែកជើងកវែងពណ៌មាស។
នៅក្នុងចំណងជើងនៃសារបង្ហោះនោះ នាងហ្គាចាដូបានសរសើរស្រុកកំណើតរបស់នាងជា “ប្រទេសដែលមានចក្ខុវិស័យពិតប្រាកដនៃការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់អនាគត” ខណៈកោតសរសើរការសម្រេចចិត្ត ដែលរងការរិះគន់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងការទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ក្នុងឆ្នាំ ២០២១ រួមជាមួយប្រាក់ដុល្លារអាម៉េរិក។
រចនាដោយមិត្តរួមជាតិអែលសាល់វ៉ាឌ័ររបស់នាងឈ្មោះ ហ្វ្រង់ស៊ីស្កូ ហ្គេរ៉េរ៉ូ (Francisco Guerrero) ឈុត “សម្លៀកបំពាក់ជាតិ” សម្រាប់ការប្រឡងបវរកញ្ញានេះគឺគ្របដណ្តប់ដោយកាក់មាស Bitcoin កាក់ខូឡុន (Colon) និងគ្រាប់កាកាវ។
កាក់ខូឡុនគឺជារូបិយវត្ថុក្នុងស្រុករយៈពេលមួយសតវត្សរ៍ ដែលបានបញ្ចប់ក្នុងឆ្នាំ ២០២១ នៅពេលដែលប្រាក់ដុល្លារអាម៉េរិកត្រូវបានអនុម័តឱ្យប្រើស្របច្បាប់។ នៅសម័យបុរាណ គ្រាប់កាកាវត្រូវបានប្រើជាប្រាក់នៅទូទាំងតំបន់មេសូអាម៉េរិកា (Mesoamerica)៕
នាង អាឡេចានដ្រា ហ្គាចាដូ គ្រងឈុតកាក់ Bitcoin សម្រាប់កម្មវិធីប្រឡងបវរកញ្ញាចក្រវាលនៅទីក្រុងញូវអ័រលីន
Alejandra Guajardo, Miss El Salvador con traje de #Bitcoin en Miss Universe 2023. 👏
🇸🇻 #BTC pic.twitter.com/YmE4BAKf2k
— Eduardo (@22Eduard0) January 12, 2023