​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នក​ច្នៃ​ម៉ូត​និង​ជា​តារា​បង្ហាញ​ម៉ូត នាង អរ​បុននី ហ្គា​ព្រីល (R’Bonney Gabriel) បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ ជា​ជនជាតិ​អាម៉េរិក​កាត់​ហ្វីលីពីន​ដំបូង​គេ​ដែល​បាន​គ្រង​មកុដ​មួយ​នេះ​។​

​អ្នក​ជាប់​លេខ​២ គឺ​នាង អា​ម៉ាន់​ដា ឌូ​ដា​មែល (Amanda Dudamel) វ័យ ២៣ ឆ្នាំ ជនជាតិ​វេ​ណេ​ស៊ុយអេ​ឡា ខណៈ នាង អេន​ឌ្រី​ណា ម៉ា​ទីណេស (Andreina Martinez) អាយុ ២៥ ឆ្នាំ មក​ពី​សាធារណរដ្ឋ​ដូ​មីនិក បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ការប្រឡងប្រជែង​ដែល​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​ញូ​វ​អ័​រ​លីន (New Orleans)​រដ្ឋ​ល្វី​សៀ​ណា (Louisiana)​សហរដ្ឋ​អាម៉េរិក​។​

​នាង​ហ្គា​ព្រីល អាយុ ២៨ ឆ្នាំ គឺជា​ជនជាតិ​អាម៉េរិក​ដំបូង​គេ ដែល​បាន​ឈ្នះ​បវរកញ្ញា​ចក្រវាល​ចាប់តាំងពី​ឆ្នាំ ២០១២ នៅពេលដែល​នាង អូ​លីវៀ ខាប់​ឡូ (Olivia Cuplo) អាយុ ៣០ ឆ្នាំ​ដែល​ធ្វើ​​ជា​ពិធី​ការិនី​ឆ្នាំនេះ បាន​គ្រង​មកុដ​នេះ​។​

​នាង​ហ្គា​ព្រីល​មកពីរ​ដ្ឋ​តិច​សាស់ បាន​ហៅ​ខ្លួន​នាង​ថា “​ជនជាតិ​ហ្វីលីពីន​តិច​សាស់​ដ៏​មាន​មោទនភាព​”​។​

​នាង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សាខា​ទូរទស្សន៍​ក្នុងស្រុក​របស់ ABC News នៅ​ទីក្រុង​ហ៊ូស្តុន​ក្នុង​ខែតុលា ឆ្នាំ ២០២២ ថា​”​ឪពុក​របស់​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋ​អាម៉េរិក​ពី​ហ្វីលីពីន​​តាមរយៈ​ការទទួលបាន​អាហារូបករណ៍​មហាវិទ្យាល័យ ជាមួយ​ប្រាក់​ប្រហែល ២០ ដុល្លារ​នៅក្នុង​ហោប៉ៅ​របស់គាត់​”​។​

“​គាត់​ចង់​ត្រួសត្រាយ​ជីវិត​ថ្មី​សម្រាប់​ខ្លួន​គាត់​។ គាត់​បាន​ជួប​ម្តាយ​របស់​ខ្ញុំ​នៅ​រដ្ឋ​តិច​សាស់​។ នាង​ជា​ស្ត្រី​ជនជាតិ​អាម៉េរិក​ម្នាក់​មក​ពី​ទីក្រុង​ប៊ី​យូ​ម៉ុន (Beaumont)”​។​

​នៅក្នុង​វគ្គ​សួរ​និង​ឆ្លើយ​សំណួរ​នៃ​កម្មវិធី​ប្រឡង នាង​ហ្គា​ព្រីល​ត្រូវ​បាន​សួរ​ពី​របៀប​ដែល​នាង​នឹង​ធ្វើការ​យ៉ាង​ដូចម្តេច​ដើម្បី​បង្ហាញ​ថា​កម្មវិធី​បវរ​កញ្ញា​ចក្រវាល​គឺជា “​អង្គការ​ដែល​ផ្តល់​អំណាច​និង​វឌ្ឍន​​ភាព​”​។​

​ដោយ​លើកឡើង​ពី​ការងារ​របស់​នាង​ដែល​ប្រើ​សម្ភារៈ​កែ​ច្នៃ​ក្នុង​ការ​រចនា​ម៉ូត​របស់​នាង​និង​ការបង្រៀន​ដេរ​ដល់​អ្នក​រួចផុត​ពី​ការជួញដូរ​មនុស្ស​និង​អំពើហិង្សា​ក្នុង​គ្រួសារ នាង​បាន​និយាយថា “​ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ​កំណែទម្រង់​និយម​មួយរូប​”​។​

​យោងតាម​ជីវប្រវត្តិ​របស់​នាង​នៅលើ​វេបសាយ Miss Universe នាង​គឺជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​របស់​នាង​។​

​នាង​បាន​បន្ថែមថា “​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការវិនិយោគ​លើ​អ្នកដទៃ វិនិយោគ​ក្នុង​សហគមន៍​របស់​យើង និង​ប្រើប្រាស់​ទេពកោសល្យ​ពិសេស​របស់​អ្នក​ដើម្បី​បង្កើត​ភាពខុសប្លែក​មួយ​”​។​

“​យើង​ទាំងអស់គ្នា​មាន​អ្វី​ដែល​ពិសេស ហើយ​នៅពេល​ដែល​យើង​ដាំ​គ្រាប់ពូជ​ពិសេស​ទាំងនោះ​នៅក្នុង​ជីវិត​របស់​អ្នកដទៃ យើង​នឹង​ផ្លាស់ប្តូរ​ពួកគេ ហើយ​យើង​ប្រើ​វា​ជា​យាន​សម្រាប់​ការផ្លាស់ប្តូរ​”៕

​នាង អរ​បុននី ហ្គា​ព្រីល គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កាលពី​ថ្ងៃ​សៅរ៍​