ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ជំនន់ទឹកភ្លៀងខុសរដូវ នៅស្ទឹងព្រែកត្នោត ដែលបានហក់ ឡើង និងបានបណ្ដាលឲ្យជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋ មួយចំនួនធំ នៅសណ្តរ ស្ទឹងព្រែកត្នោត​ខណ្ឌដង្កោ កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦ មករា នេះ កំពស់ទឹកបានស្រកចុះ ប្រមាណ ២ តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។

នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ខណៈដែល លោកដឹកនាំមន្ត្រីជំនាញ​ចុះពិនិត្យស្ថានភាពជាក់ស្ដែង​នៅ​តាមទីតាំងដែលលិច ដោយជំនន់ទឹកភ្លៀង នៅមុខវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ជាថ្មីម្តងទៀត នាព្រឹកថ្ងៃ​ទី​១៦ ខែ​មករា ​ឆ្នាំ​២០២៣ នេះ​។

លោក ឃួង​ស្រេង បានប្រសាសន៍ថា៖ កម្រិតទឹកដែលជន់លិចដោយជំនន់ ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ ២ តឹកហើយ នៅថ្ងៃទី១៦ មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។
លោកណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថ ខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានា ប្រចាំការតាមដាន ស្ថានភាពទឹកជាប់ ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ឱ្យបានច្បាស់លាស់ ដើម្បីយើងយក អំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនពួកគាត់ ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ឃួង ស្រេង បានដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យតាមដានដោយផ្ទាល់ពីស្ថានភាព ជំនន់ទឹកភ្លៀងខុសរដូវ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ​។

ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមឡើងខ្លាំង នៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបាន ឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូល លិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំង កម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ ទប់ទឹកតែម្តង ហើយគិតមកត្រឹមព្រឹកថ្ងៃទី១៦ មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ ២ តឹកហើយ ។

បើតាមអាជ្ញាធរ ឱ្យដឹងនោះថា គ្រោះធម្មជាតិនេះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ២.០០០ ខ្នងផ្ទះហើយ ដែលទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយ ដែលអាជ្ញាធររាជធានី នឹងត្រូវរៀបចំប្រគល់ជូន៕​ V / N