ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ផ្តើមធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ហើយនៅព្រឹកថ្ងៃទី ១៦ មករា ២០២៣ នេះ ។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការរៀបចំដោយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី  ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវនៅវិមានប្រធានាធិបតី ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងថតរូបអនុស្សាវរីយ៍   ។ បន្ទាប់សម្តេចបានអញ្ជើញក្នុងពិធី ជំនួបចង្អៀតជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី  ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ និងបន្ទាបមកជំនួបទ្វេរភាគីរវាងរដ្ឋភិបាលនៃព្រទេសទាំងពីរ ដែលដឹកនាំដោយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី  ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចរបស់​​សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះនឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕