អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យឈីន លាន ហាន់ជ័យ ចំនួន៦០នាក់ ចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម គឺដើម្បីជំរុញការយល់ដឹងរបស់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ពីប្រវត្តិសាស្ត្រខ្មែរក្រហម។ វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែមរួមមាន៖ ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ការទស្សនាពិព័រណ៍ ការជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ និងការចុះទៅកាន់ទីតាំងអតីតសមរភូមិប្រទាញប្រទង់រវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។

• ការមកដល់របស់សិស្សានុសិស្សវិទ្យាល័យឈីន លាន ហាន់ជ័យ
នៅវេលាម៉ោង៨:២០នាទីព្រឹក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍ការមកដល់របស់យុវសិស្ស និងចុះឈ្មោះអ្នកចូលរួមវេទិកាថ្នាក់រៀនថ្ងៃសៅរ៍នេះ។ បន្ទាប់មក វណ្ណេត បានផ្ដល់បទបង្ហាញយ៉ាងខ្លីអំពីមជ្ឈមណ្ឌលឯកខេត្តកំពង់ចាម និងកិច្ចការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម។ វណ្ណេត បន្តប្រាប់សិស្សានុសិស្សអំពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសាខានៅតាមបណ្ដាខេត្តមួយចំនួន ក្នុងនោះ ក៏មានមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែរ។ តមក គឺជាការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

• បទបង្ហាញស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
នៅវេលាម៉ោង៩:00នាទី លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ មុនការបង្រៀនរបស់លោក ផេង ពង្សរ៉ាស៊ី បានឲ្យសិស្សានុសិស្សបំពេញកម្រងសំណួរស្ទាបស្ទង់មតិមុនវេទិកាថ្នាក់រៀន ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុនរបស់សិស្ស។ ជាកិច្ចបន្ត លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។ បទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី មានរយៈពេលជិត២ម៉ោង។ ចំណុចសំខាន់ក្នុងបទបង្ហាញ គឺ ៖ ទី១) បរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ទី២) និយមន័យនៃអំពើប្រល័យពូជសាសន៍, ទី៣) ការប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត និងទី៤) ការផ្លាស់ប្តូរគំនិតពីការប្រព្រឹត្តអំពើហិង្សាទៅជាកសាងសន្តិភាពក្នុងកម្រិតបុគ្គល គ្រួសារ និងសហគមន៍។ នៅឱកាសនោះ សិស្សានុសិស្សបានចោទសួរសំណួរជាច្រើនទៅកាន់លោកគ្រូ រ៉ាស៊ី ដើម្បីបកស្រាយ និងស្រាយចម្ងល់របស់ខ្លួន។ នៅចុងបញ្ចប់ លោក ផេង ពង្សរ៉ាស៊ី បានចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរ បោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិត ឲ្យសិស្សានុសិស្សទុកអាន និងសិក្សាបន្ថែមពីប្រវត្តិសាស្ត្រនេះ។ បទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី បញ្ចប់នៅវេលាម៉ោង១១:៣0នាទី។

• ការទស្សនាពិព័រណ៍ និងឯកសារខ្មែរក្រហម
ដោយនៅសល់ពេលវេលា៣០នាទីមុនពេលសម្រាកអាហារថ្ងៃត្រង់ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បង្ហាញដល់សិស្សានុសិស្សអំពី ពិព័រណ៍រូបថត បណ្ណាល័យខ្មែរក្រហម និងឯកសារបទសម្ភាសន៍។ លោក ស៊ាង ចិន្តា ដឹកនាំសិស្សានុសិស្សទៅទស្សនា ផ្ទាំងរូបថតទាំងនេះ និងពន្យល់អំពីពិព័រណ៍ដែលត្រូវបានដាក់តាំងបង្ហាញនៅខាងមុខបរិវេណមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ផ្ទាំងពិព័រណ៍ទាំងនេះ រួមមាន ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការដ្ឋាន។ បន្ទាប់មកយុវសិស្ស បានចូលមកកាន់សាលពិព័រណ៍រូបថតដែលមានការដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ “ក្តីសុបិនកម្ពុជា” ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ” ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅសាលមហោស្រពចតុមុខកន្លងមក។ លោក ស៊ាង ចិន្តា បន្តដឹកនាំសិស្សានុសិស្សចូលទស្សនាបណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហមជាច្រើន។ ជាកិច្ចបញ្ចប់ សិស្សានុសិស្សទាំងអស់ត្រូវបាននាំទៅកាន់បន្ទប់តម្កល់ឯកសារខ្មែរក្រហម និងអានឯកសារបទសម្ភាសន៍។ ការទស្សនាពិព័រណ៍ និងឯកសារខ្មែរក្រហម បានបញ្ចប់ត្រឹមវេលាម៉ោង១១:៥0នាទី។

• ការចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ និងទីតាំងអតីតសមរភូមិរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម

កម្មវិធីពេលរសៀលសម្រាប់វេទិកាថ្នាក់រៀនចុងសប្តាហ៍នេះគឺការចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ និងទីតាំងអតីតសមរភូមិរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ដែលចាប់ផ្ដើមវេលាម៉ោង១:៣0នាទី និងបញ្ចប់នៅវេលាម៉ោង៣:៣0នាទីរសៀល។ យុវសិស្សចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ សិស្សានុសិស្សទាំងអស់ត្រូវបានបែងចែកជា២ក្រុម ដែលក្រុមនីមួយៗបានជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សិស្សានុសិស្សក្រុមទី១ គឺត្រូវជួបជាមួយលោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប។ លោក តុង សុភា បាននិយាយប្រាប់សិស្សានុសិស្សក្រុមទី១អំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម, បទពិសោធន៍ និងការបាត់បង់ឪពុក ដោយសារតែខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ និងការសាងសង់ចេតិយរំឭកសម្រាប់សហគមន៍។ ខណៈពេលដែលនិយាយប្រាប់រឿងរ៉ាវទាំងអស់នេះ លោក តុង សុភា នាំសិស្សានុសិស្សក្រុមទី១ដើរឆ្លងកាត់វាលស្រែឆ្ពោះទៅកាន់ចេតិយរំឭក។ ចំណែកឯ យុវសិស្សក្រុមទី២ គឺត្រូវជួបជាមួយអ្នកស្រី បួន ចាន់ថុល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្រី បួន ចាន់ថុល គឺជាអតីតកងចល័តនារី និងបានបាត់បង់ឪពុក និងបងប្អូនរបស់ខ្លួន ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ អ្នកស្រី បួន ចាន់ថុល ចែករំលែកទៅកាន់យុវសិស្សក្រុមទី២អំពីបទពិសោធន៍ ការធ្វើការងារហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ និងការបាត់បង់សមាជិកគ្រួសារនៅក្នុងរបបខ្មែរក្រហម។ ជំនួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតិយរំឭកនេះបង្កើតឱកាសដល់សិស្សានុសិស្សឈ្វេងយល់ដោយផ្ទាល់ពីរឿងរ៉ាវកើតឡើងក្នុងមូលដ្ឋានក្នុងរបបខ្មែរក្រហម និងសួរនូវអ្វីដែលខ្លួនចង់ដឹងទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យុវសិស្សបានចំណាយរយៈពេលជិត២ម៉ោងក្នុងកិច្ចសន្ទនាអន្តរជំនាន់ នៅចេតិយរំឭកសម្រាប់សហគមន៍នេះ។

ជាកិច្ចបន្ទាប់ យុវសិស្សបានបន្តចុះទៅទីតាំងប្រវត្តិសាស្រ្តមួយទៀត គឺវត្តរកាគយ ដែលជាអតីតបន្ទាយទាហាន លន់ នល់ និងទីតាំងសមរភូមិក្ដៅរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ លោក ស៊ាង ចិន្ដា បានពន្យល់រៀបរាប់ទៅកាន់យុវសិស្សពីប្រវត្តិខ្លះៗអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងមូលដ្ឋាននេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្ថានភាពនៅក្នុងភូមិសាស្រ្តនេះបានផ្លាស់ប្ដូរទាំងស្រុង។ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែទៅកាន់ទីរួមខេត្តកំពង់ចាម និងបន្តទៅទីក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ និងសុំស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ សមរភូមិប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បានផ្ទុះឡើងទាំងផ្លូវគោក និងផ្លូវទឹក។ ទាហាន លន់ នល់ ត្រូវបានបញ្ជូនមកកាន់បន្ទាយទាហាននៅក្នុងវត្តរកាគយដើម្បីទប់ទល់ជាមួយកងទ័ពរំដោះខ្មែរក្រហម។ នៅចន្លោះចុងឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ បន្ទាយទាហាន លន់ នល់ នៅវត្តរកាគយ ត្រូវបានវាយបែក និងរំដោះដោយកងទ័ពរំដោះខ្មែរក្រហម។ វត្តរកាគយត្រូវបានប្រើប្រាស់ទៅជាកន្លែងភ័ស្តុភាររបស់កងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានព័ទ្ធជុំវិញដោយកងទ័ពរំដោះខ្មែរក្រហម។ ក្នុងស្ថានភាពបែបនេះ ទាហាន លន់ នល់ ប្រើប្រាស់ផ្លូវទឹកដែលជាច្រកចេញចូលសំខាន់ក្នុងការដឹកជញ្ជូនសម្ភារសឹក ស្បៀង និងប្រជាជននៅទីរួមខេត្តកំពង់ចាមចេញទៅកាន់ទីក្រុងភ្នំពេញ តាមរយៈនាវាម៉ារីនទាហាន លន់ នល់។ យ៉ាងណាក៏ដោយ ការដឹកជញ្ជូនតាមផ្លូវទឹកនេះតែងតែទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហម។

• ទស្សនយល់ឃើញរបស់យុវសិស្ស បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍
សិស្ស នី លីហួរ រៀនថ្នាក់ទី១២- A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យឈីន លាន ហាន់ជ័យ ចែករំលែកចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យតាមរយៈបទបង្ហាញក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ។ បន្ថែមលើនេះទៀត ខ្ញុំបានឃើញរូបថតដែលប្រជាជនខ្មែរទទួលទុក្ខលំបាកក្នុងរបបខ្មែរក្រហម និងស្ដាប់បទពិសោធន៍ជីវិតរបស់អ៊ំស្រី ចាន់ថុល ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ប្រជាជនខ្មែរជំនាន់មុនដែលបានឆ្លងកាត់សង្រ្គាម ការលំបាកវេទនា និងការបាត់បង់។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត។»

សិស្ស ឈឿន ឧត្ដម រៀនថ្នាក់ទី១២- A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យឈីន លាន ហាន់ជ័យ បង្ហាញការពេញចិត្តរបស់ខ្លួនចំពោះវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះថា «ខ្ញុំពេញចិត្តវេទិកានេះ ពីព្រោះខ្ញុំទទួលបានចំណេះដឹងយ៉ាងច្រើនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ឬរបបខែ្មរក្រហម ដែលបានបង្កឲ្យមានការស្លាប់ប្រជាជនខ្មែររាប់លាននាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។ ចំណេះដឹងថ្មីៗដែលខ្ញុំទទួលបានពីវេទិកានេះ គឺការរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម សេដ្ឋកិច្ចនិងការនាំចេញ និងនាំចូលផលិតផល និងមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ»។

សិស្ស ទ្រី សុគុណរតនា រៀនថ្នាក់ទី១២- A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យឈីន លាន ហាន់ជ័យ លើកឡើងពីចំណេះដឹងដែលខ្លួនទទួលបានពីវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះថា «ខ្ញុំទទួលបានការយល់ដឹងថ្មីៗពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមយៈបទបង្ហាញរបស់លោកគ្រូ។ នាងខ្ញុំឃើញរូបភាពជាច្រើនពីសម័យ ប៉ុល ពត ជាលើកទី១។ ខ្ញុំមានចិត្តអាណិតអាសូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ សរន

រូប ( នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈ​មណ្ឌល​​ឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដែលមានសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ ចំនួន៦០នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈ​មណ្ឌល​​ឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដែលមានសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ ចំនួន៦០នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)