ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រថយន្តជិត៥០គ្រឿងបានបុកតគ្នានៅលើផ្លូវហាយវ៉េដែលធ្លាក់ទឹកកកមួយនៅក្បែររដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សម្នាក់និងបង្ករបួសរាប់សិបនាក់។
មន្ត្រីម្នាក់នៅនាយកដ្ឋានអគ្គិភ័យក្នុងក្រុងប៉ូឆុន(Pocheon)បាននិយាយថា យ៉ាងហោចណាស់រថយន្ត៤៧គ្រឿងជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវ៉េ ហ្គូរី-ប៉ូឆុន(Guri-Pocheon)ចំពេលផ្លូវរអិលដោយសារធ្លាក់ទឹកកកនិងការបុកតគ្នា។
រូបភាពបានបង្ហាញនាយប៉ូលីសនិងអ្នកជួយសង្គ្រោះជាមួយនឹងស្នែងអ្នករបួសបានរួសរាន់ទៅកាន់រថយន្តដែលបុកគ្នាជាជួរនៅលើផ្លូវដែលពោរពេញដោយទឹកកក។រថយន្តជាច្រើន រួមមានរថយន្តក្រុងមួយបានខូចខាតក្បាលមុខនិងខ្លះទំនងជាត្រូវបុកពីចំហៀង។
គីម ដុង-វ៉ាន(Kim Dong-wan)មន្ត្រីនៅនាយកដ្ឋានអគ្គិភ័យក្នុងខេត្តហ្គុងជី(Gyeonggi)បាននិយាយថាយ៉ាងហោចណាស់អ្នកបើកបរបីនាក់រងរបួសធ្ងន់ និងម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បានស្លាប់។មនុស្ស២៩នាក់ទៀតទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសាររបួសស្រាល៕
រថយន្តរាប់រយជាប់លើផ្លូវធ្លាក់ព្រិលខ្លាំងនៅខេត្តព្យុងចាង ចម្ងាយប្រមាណ១២៦គីឡូម៉ែត្រខាងកើតក្រុងសេអ៊ូលកាលពីថ្ងៃ១៥មករា ២០២៣