ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ពួកវាមើលទៅដូចជាអ្វីមួយមកពីចម្ការក្រៅភពនៅលើភពផ្សេង។ប៉ុន្តែថ្ម “មានជីវិត” នៃប្រទេសរ៉ូម៉ានី ដែលគេស្គាល់ថា “ត្រូវ៉ាន់” (Trovant) តាមពិតគឺស្ថិតនៅលើផែនដីយើងនេះទេ ហើយពួកវាកកើតឡើងដោយធម្មជាតិតាមដំណើរការភូគព្ភសាស្ត្រ។
ដោយចាប់ផ្តើមជាដុំគ្រួសមួយនិងលូតប្រហែលពីរអ៊ីញរៀងរាល់មួយសហស្សវត្សរ៍ម្តង ថ្មត្រូវ៉ាន់គឺជារចនាសម្ពន្ធរ៉ែដ៏ពិសេស ដែលធ្វើត្រាប់តាមជីវិតរុក្ខជាតិនិងថនិកសត្វ។
គ្រួសដ៏ចម្លែកនេះគឺសឹងតែបង្ហាញរូបរាងដូចគ្នាទៅនឹងជាលិការុក្ខជាតិ ហើយពួកវាផ្តល់កំណើតដល់ថ្មថ្មីដូចសត្វដែរ។
ថ្មប្រភេទនេះត្រូវបានរកឃើញនៅក្នុងភូមិតូចមួយរបស់រ៉ូម៉ានី ដែលមានឈ្មោះថា ខូស្តេស្ទី (Costeşti) ស្ថិតនៅចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានីប៊ូការ៉េស។
ពួកវាមើលទៅដូចជាពពុះប៉ោងចេញពីថ្ម ហើយមានទំហំខុសៗគ្នា ខ្លះមានអង្កត់ផ្ចិតច្រើនម៉ែត្រ ហើយខ្លះទៀតតូចល្មមប៉ុនបាតដៃ។
លោកបណ្ឌិត មៀស៊ី ធីគ្លីនូ (Mircea Ticleanu) មកពីវិទ្យាស្ថានភូគព្ភសាស្ត្រនៃប្រទេសរ៉ូម៉ានី បានប្រាប់ MailOnline ថា “ថ្មត្រូវ៉ាន់មកពីរ៉ូម៉ានីមានអាយុខុសគ្នាខ្លាំង”។
“ថ្មត្រូវ៉ាន់មិនមែនចេះតែលេចឡើងពីដីនោះទេ ពួកវាមានវត្តមាននៅក្នុងដីខ្សាច់ដ៏ធំល្វឹងល្វើយនៃយុគសម័យភូមិសាស្ត្រផ្សេងៗគ្នា ដែលរាលដាលដល់ថ្មដុះលើដីឬនៅកន្លែងយកខ្សាច់”។
ត្រូវ៉ាន់គឺជាពាក្យមានន័យដូចនឹងពាក្យអាល្លឺម៉ង់ “សានស៍ថែនខុនក្រេស៊ីអូនិន-Sandsteinkonkretionen” ដែលមានន័យថា “ខ្សាច់ស៊ីម៉ងត៍”៕
ថ្មត្រូវ៉ាន់លូត២អ៊ីញរៀងរាល់១០០០ឆ្នាំម្តង