ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ក្រុមបាតុកររាប់រយនាក់មកពីទីក្រុងញូវយ៉កនិងតំបន់ក្បែរនោះបានប្រមូលផ្តុំគ្នានិងដើរក្បួនដង្ហែនៅឯទីលាន Times Square កាលពីថ្ងៃសៅរ៍ដើម្បីប្រឆាំងនឹងការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមនៅក្រៅប្រទេស។
អ្នកចូលរួមបាននិយាយប្រឆាំងនឹងការពង្រីកវាតទីរបស់អង្គការណាតូនិងបានអំពាវនាវឱ្យមានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយរិះគន់ការចំណាយដ៏ច្រើនសម្បើមរបស់អាម៉េរិកលើវិបត្តិអ៊ុយក្រែន និងការប្រកាសរបស់សេតវិមានដើម្បីផ្តល់ឱ្យរដ្ឋាភិបាលក្រុងគៀវនូវខែលមីស៊ីលបាញ់ពីដីទៅអាកាស Patriot មួយផ្សេងទៀត។
លោក ប្រាយអែន បេកឃើ (Brian Becker)នាយកជាតិនៃសម្ពន្ធ ANSWER ដែលជាសម្ពន្ធប្រឆាំងសង្គ្រាមដ៏សំខាន់នៅសហរដ្ឋអាម៉េរិក បាននិយាយថា “យើងនៅទីនេះនៅថ្ងៃនេះដោយសារយើងប្រឆាំងនឹងការពង្រីកវាតទីគ្មានទីបញ្ចប់របស់អង្គការណាតូ ដែលមិនត្រឹមតែមិនចាំបាច់ប៉ុណ្ណោះទេ តែថែមទាំងខ្ជីខ្ជានិងគឃ្លើនទៀតផង”។
លោកបេកឃើបានប្រាប់ស៊ីនហួនៅខាងក្រៅការប្រមូលផ្តុំគ្នានេះថា ជាជាងបង្កើនសង្គ្រាមនិងបញ្ជូនអាវុធបន្ថែមទៅអ៊ុយក្រែន សហរដ្ឋអាម៉េរិកគួរតែត្រឡប់ទៅតុចរចាវិញ ហើយទទួលស្គាល់ថា រុស្ស៊ីមានការព្រួយបារម្ភផ្នែកសន្តិសុខដោយស្របច្បាប់។
លោកបេកឃើ ដែលជំរុញប្រទេសរបស់លោកឱ្យចំណាយប្រាក់ទាំងនោះដើម្បីជួយប្រជាជនអាម៉េរិកដែលខ្វះខាតជាជាងផ្តល់មូលនិធិដល់សង្គ្រាមនិងយោធានិយម បាននិយាយថា”យើងក៏នៅទីនេះនៅថ្ងៃនេះដែរ ដោយសារសហរដ្ឋអាម៉េរិកកំពុងចំណាយបន្ថែម ៦៥ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ុយក្រែន ខណៈមានមនុស្សគ្មានផ្ទះសម្បែងមួយលាននាក់នៅអាម៉េរិកនិងខណៈដែលសាលារៀនរបស់យើងខ្វះថវិកា ហើយមនុស្សជាច្រើនកំពុងក្ស័យធនដោយសារពួកគេមិនអាចមានលទ្ធភាពចំណាយលុយលើដុកទ័រ”។
ផ្តួចផ្តើមឡើងដោយសម្ពន្ធ ANSWER និងវេទិកាប្រជាជន ដែលជាកន្លែងបណ្តុះចលនាសម្រាប់វណ្ណៈកម្មករនិងសហគមន៍ខ្វះខាត ការប្រមូលផ្តុំនេះត្រូវគេរំពឹងថានឹងត្រូវតាមពីក្រោយដោយការតវ៉ាស្រដៀងគ្នានៅក្នុងទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាម៉េរិកនៅមុនទិវា Martin Luther King Jr. នៅថ្ងៃចន្ទនេះ៕
បាតុកររាប់រយនាក់មកពីទីក្រុងញូវយ៉កនិងតំបន់ក្បែរនោះបានប្រមូលផ្តុំគ្នានិងដើរក្បួនដង្ហែប្រឆាំងនឹងការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមនៅក្រៅប្រទេសនៅឯទីលាន Times Square កាលពីថ្ងៃសៅរ៍
អាម៉េរិកកំពុងចំណាយបន្ថែម ៦៥ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ុយក្រែន ខណៈមានមនុស្សគ្មានផ្ទះសម្បែងមួយលាននាក់នៅអាម៉េរិក