ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA Exhibition 2023 នៃប្រទេសឥណ្ឌា នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅ រយៈពេល ៣យប់ ៤ថ្ងៃ ទាំងការហូបចុក និងការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា
នៅក្នុងសេចក្តីជូនដំណឹងស្ដីពី រៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA Exhibition 2023 ក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌា អមដោយជំនួបពាណិជ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ លើកទី៦”ផងដែរ។
ប្រភពដដែល បានឲ្យដឹងទៀតថា ពិព័រណ៍ពាណិជ្ជកម្មនេះ ផ្តោតលើសម្ភារៈពាក់ព័ន្ធនឹងវិស័យថាមពល និងអគ្គីសនី ដោយគណៈកម្មការរៀបចំពិព័រណ៍នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅ (៣យប់ ៤ថ្ងៃ) ការហូបចុក និងការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា។ ចំពោះភ្ញៀវដែលមិនមែនជាអ្នកទិញ តែចង់ចូលទស្សនាពិព័រណ៍ត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯងទាំងស្រុង។
ក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញ ម្ចាស់ក្រុមហ៊ុនសហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ៕/PC