ដោយៈ យោធិន / ភ្នំពេញៈ យោធាចារ្យនៃកងទ័ពសាធារណរដ្ឋបារាំង ចំនួនពីររូប ទទួលបានការអនុញ្ញាតចូលជួបសវនាការ ជាមួយប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកនៃ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានផ្តល់កិច្ចស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវត្តមានជាលើកទី២ លើទឹកដីកម្ពុជារបស់យោធាចារ្យបារាំងទាំង២រូប ក្នុងកិច្ចប្រឹងប្រែងចូលរួម បណ្តុះបណ្តាលបច្ចេកទេស ជំនាញបោសសម្អាតមីន ឲ្យដល់កងយោធាកម្ពុជា សំដៅបង្កើនកម្រិតសមត្ថភាព កងយោធពលខេមរភូមិន្ទ លើវិស័យបោសសម្អាតមីន ទាំងក្នុងប្រទេស និងតាមបណ្តាតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផ្តោតជាសំខាន់ឆ្នាំ២០២៥ កម្ពុជាប្រែក្លាយជា ប្រទេសមួយ គ្មានមីន ផ្តល់ភាពញញឹម ដល់ប្រជាជនកម្ពុជា ស្របតាមការកំណត់ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

លោក​ប៉ូលេ យ៉ាន (POLLET Yann) ប្រធានក្រុមយោធាចារ្យ នៃ សាធារណរដ្ឋបារាំង បានបង្ហាញនូវមនោសញ្ចេតនា សោមនស្សរីករាយ ដែលមាន ឱកាសចូលរួមបណ្តុះបណ្តាល វគ្គបោសសម្អាតមីន ដល់កងកម្លាំងមួកខៀវកម្ពុជា ជាលើកទី២។ យោធាចារ្យទាំង២រូប ក៏បានប្តេជ្ញាខិត្តខំបណ្តុះបណ្តាល កងកម្លាំង កម្ពុជា ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញបេសកកម្ម ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាពិសេសការបោសសម្អាតមីន នៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជា គ្មានមីន ក្នុងឆ្នាំ២០២៥។

ក្នុងជំនួបសវនាការខាងលើនេះដែរ នាយឧត្តមសេនីយ សែម សុវណ្ណនី ក៏បាន បង្ហាញពីប្រការផ្តល់ភាពកក់ក្តៅ ចំពោះយោធាចារ្យទាំង២រូប ទាំងការស្នាក់នៅ និងផ្តល់លទ្ធភាពផងដែរ សម្រាប់ដំណើរទស្សនកិច្ច តំបន់ប្រាសាទអង្គរ ក្នុងអំឡុង ពេលស្នាក់អាស្រ័យ នៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណ ចំពោះមិត្តបារាំង ដែលតែងបានផ្តល់វគ្គបណ្តុះបណ្តាល លើជំនាញជាច្រើន លើវិស័យរក្សាសន្តិភាព និងការបណ្តុះបណ្តាល ផ្នែកភាសាបារាំង ឲ្យដល់កងយោធាមួកខៀវកម្ពុជា។

នាយឧត្តមសេនីយ៍ ប្រមុខកងយោធាមួកខៀវកម្ពុជា ក៏បានស្នើដល់យោធាចារ្យ ទាំង២រូប ក្នុងការជ្រើសរើសមេរៀនសំខាន់ៗ ក្នុងការបណ្តុះបណ្តាល ដែលមាន រយៈពេល ៤ សប្តាហ៍នេះ (ថ្ងៃទី១៦ ខែមករា – ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣) ដោយផ្តោតទាំងការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់៕/V-PC