ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off Road សន្ដិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក នាខេត្តមណ្ឌលគីរី បានបញ្ចប់ហើយ។
ការប្រណាំងរថយន្ដកម្រិតអន្តរជាតិនេះ ដំណើការរយ:ពេល ៣ ថ្ងៃ ពីថ្ងៃទី១៣ ដល់ ១៥ មករា ដោយមានការប្រណាំងរថយន្ដ ៣ កម្រិត គឺប្រណាំងឆ្លងកាត់ឧបសគ្គ (Off Road) និងកាប្រណាំងម៉ូតូហោះ (Motocross)។

ក្នុងពិធីបិទការប្រកួត លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានមាន ប្រសាសន៍ថាៈ ព្រឹត្តិការណ៍នេះ បានផ្ដល់ឲ្យប្រជាជន ក្នុងខេត្តរបស់លោកខេត្តជិតខាងជុំវិញ និងភ្ញៀវទេសចរ មកកម្សាន្ដខេត្តរបស់លោក កាន់តែច្រើន ហើយពួកគេ បានទស្សនាការប្រណាំងរថយន្ដ Rally និងម៉ូតូហោះ។ លោកចង់ឲ្យមានព្រឹត្តិការណ៍ ក្នុងខេត្តមណ្ឌលគីរី បន្ដទៀត និងកាន់តែផុលផុស ជាងលើកនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន បានចាត់ទុកទីលាន ១២ម៉ូទ័រផាកនេះ ជាផលិតផលទេសចរណ៍មួយទៀត សម្រាប់ខេត្តមណ្ឌលគីរី។

លោក បង្ស គឹមហួត អ្នកប្រណាំងរថយន្ដជនជាតិកម្ពុជា បានបញ្ជាក់ថាៈ លោកធ្លាប់ ចេញទៅប្រណាំង នៅក្រៅប្រទេស ច្រើនលើកមកហើយ ទីលានរបស់គេធំៗណាស់ តែទីលាន ១២ ម៉ូទ័រផាកយើង អាចរៀបចំព្រឹត្តិការណ៍ធំៗ ដូចគេបាន។

កីឡាករ ប្រណាំងម៉ូតូហោះថៃ លោក Pound Nuttakit Bootprawat និង SiamTiancharoenphol បានបង្ហាញនូវក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមប្រកួតជាលើកដំបូង នៅកម្ពុជា។ ពួកគេបានកោតសរសើរ លើការរៀបចំទីលាន ១២ម៉ូទ័រផាក ដែលស្ថានភាពផ្លូវប្រកួត សក្តិសមសម្រាប់ ការប្រកួតលំដាប់អន្តរជាតិ៕/V-PC