ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយ អំពីប្រតិទិននៃ ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣ ។

លោក នុត សុខុម ប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថាៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យចំនួន ៤ ដោយបង្កើតក្រុង អរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ ជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សា សម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មី ក្នុងរយៈពេលយ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ។

សម្រាប់ការបោះឆ្នោតឡើងវិញនេះ លោក នុត សុខុម បានមានប្រសាសន៍ថាៈ អ្នកសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាង របស់ខ្លួន មកចូលរួមសង្កេតមើល ការបោះឆ្នោតឡើងវិញ ដោយត្រូវដាក់ពាក្យ ស្នើសុំចុះឈ្មោះមក គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិ ត្រូវដាក់ពាក្យស្នើសុំ​ចុះឈ្មោះ ជាអ្នកសងេ្កតការណ៍អន្តរជាតិ នៅ គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

លោក នុត សុខុម បានបន្តថាៈ សម្រាប់អ្នកសារព័ត៌មានជាតិ ដែលមានបំណង ចូលរួមយកព័ត៌មាន ក្នុងដំណើរការ នៃការបោះឆ្នោតឡើងវិញ មានសិទ្ធិដាក់ពាក្យ សុំចុះឈ្មោះដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ អាចដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

លោកបានបន្ថែមថាៈ សម្រាប់គណបក្សនយោបាយ ដែលបានចុះបញ្ជីស្រប តាមច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តសាមីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

លោក នុត សុខុម បានបញ្ជាក់ថាៈ ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅគណៈកម្មការរៀបចំការ បោះឆ្នោត នៃខេត្តសាមីពាក់ព័ន្ធ តាមទម្រង់បែបបទ ដែលកំណត់ដោយ គ.ជ.ប ។ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា ២ ដំណាក់កាល គឺដំណាក់កាលនៃ ការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ សម្រាប់សង្កេតមើលការចុះឈ្មោះបោះឆ្នោត និងដំណាក់កាល នៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត៕ V / N