ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ យោធិនអង្គភាពបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំង ភេរវកម្មបានធ្វើការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ប្រកបទៅដោយកាយវិការ មនុស្សធម៌ ផ្តល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមប្រធានបទ ” បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់ ” ស្ថិតក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី សំ ភ័ស្ស មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ។

លោកឧត្តមសេនីយ៍ត្រី សំ ភ័ស្ស បានបញ្ជាក់ថាៈ នេះជាមោទនភាពមួយរបស់ យោធិន នៅក្នុងអង្គភាព បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលចូល រួមធ្វើសកម្មភាពមនុស្សធម៌ ក្រៅពីការបំពេញភារកិច្ចស្នូល ក្នុងការបម្រើជាតិមាតុភូមិ ការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមប្រកបដោយ អត្ថប្រយោជន៍នៅពេលនេះ។ យោធិនម្នាក់ៗ យល់ឃើញថា កងទ័ព ប្រសូត្រចេញពីប្រជាជន បុព្វហេតុគ្រប់យ៉ាងគឺដើម្បីប្រជាជន ជាក់ស្ដែងពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន បានស្ម័គ្រចិត្ត ធ្វើ ការបរិច្ចាគឈាម ប្រកបទៅដោយកាយវិការមនុស្សធម៌ សបញ្ជាក់ឲ្យឃើញថា កងកម្លាំងកំពុងជួយការពារអាយុជីវិតប្រជាជន និងជួយទៅដល់ជនងាយរងគ្រោះ ដែលកំពង់ត្រូវការឈាម នៅតាមបណ្តាមន្ទីរពេទ្យនានា។

សកម្មភាពនេះ ក៏បានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ លើកកម្ពស់ វិស័យសុខាភិបាល និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ទូទាំង ប្រទេស ដោយក្នុងគោលដៅយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល នីតិកាលទី៦ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យសុខាភិបាល សំដៅលើកកម្ពស់សុខុមាល ភាព និងអាហារូបត្ថម្ភ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការពង្រឹង នឹងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ការបិច្ចាគឈាម ពេលនេះ ជាលើកទី៨ហើយ ដែលអង្គភាពបញ្ជាការ ដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ គិតជាសរុប បានចំនួន ២.១០៦ ប្លោកឈាម៕ V / N