ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ាលនៃសាធារណរដ្ឋម៉ាល់ឌីវនៅព្រឹកថ្ងៃទី១៦មករានេះ ។ នេះគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តលើកដំបូងបង្អស់របស់ប្រមុខដឹកនាំកំពូលកម្ពុជាទៅកាន់ប្រទេស ដែនកោះដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលប្រារព្វធ្វើឡើងនៅទីលាន Jumhooree Maildhaanទីលានសាធារណៈជាប់ឆ្នេរសមុទ្រ នៃទីក្រុងម៉ាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតីនៃសាធា រណរដ្ឋម៉ាល់ឌីវ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវបាន អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋម៉ាល់ឌីវ រួមទាំងការសំដែងសិល្បៈតាមបែបប្រពៃណីរបស់សាធារណរដ្ឋម៉ាល់ឌីវដោយក្រុមសិល្បៈ និស្សិតនៃសាធារណរដ្ឋម៉ាល់ឌីវនិងការបាញ់កាំភ្លើងធំ ៧ដើមរបស់កងទ័ពម៉ាល់ឌីវ ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញធ្វើកិច្ចប្រជុំកំពូលចង្អៀតនិងកិច្ចប្រជុំកំពូលទ្វេភាគីជាមួយឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ ។ ថ្នាក់ដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោបាយថ្មីដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍ ធនធានមនុស្ស ។ ថ្នាក់ដឹកនាំទាំងពីរបាន ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍ទៅវិញទៅមក។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍភាពជាដៃគូរឹងមាំនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងកម្រិតទ្វេភាគីតំបន់និងអន្តរជាតិក្នុងគោលបំណង នាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រជាជាតិទាំងពីរ និងពិភពលោក ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ ប្តូរដំណើរទស្សនកិច្ចនិងការពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ដែលនឹងលើកកម្ពស់វិធីនិងមធ្យោបាយដើម្បីពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគីក្នុងវិស័យ ដែលមានសក្តានុពលសម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំទាំងពីរបានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើក ដំបូងរវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរឱ្យបានឆាប់ ។ ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃពាណិជ្ជកម្មទ្វេភាគី និង បានកត់សម្គាល់ថាទំនាក់ទំន ងសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី ។ ដោយទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងម៉ាល់ឌីវនៅមានកំរិតនៅឡើយដែល អាចធ្វើឱ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារៈកិច្ចជូនស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីបង្កើន ពាណិជ្ជកម្មទ្វេភាគីការវិនិយោគនិង ការផ្លាស់ប្តូរទេសចរណ៍និងបានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជានិងម៉ាល់ឌីវសហការគ្នាជិតស្និទ្ធដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចនិងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវក្នុងការនាំចូលអង្ករពីកម្ពុជានិងស្វែងរកឱកាសបន្ថែម ទៀតដើម្បីបង្កើនទំនាក់ទំនងធុរ កិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា ពោត ម្រេច ដំឡូងមី គ្រាប់ ស្វាយចន្ទីនិង ផ្លែ ឈើ ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ ការធ្វើដំណើរ និងផលិតផល ក្រៅ ពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើង សម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែក សត្វកែច្នៃ។ ភាគីម៉ាល់ឌីវ ក៏ បានរំពឹងដែរថា កម្ពុជានឹងពិចារណានាំចូលនូវគ្រឿងសមុទ្រនិងត្រីរបស់ម៉ាល់ឌីវ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន កោតសរសើរឯកឧត្តមប្រធានាធិបតីដែលសម្រេចជោគជ័យដ៏វិសេសវិសាលក្នុងការជំរុញឱ្យមានការរីកលូតលាស់ផ្នែកឧស្សាហកម្មទេស ចរណ៍ និងបដិសណ្ឋារកិច្ចហើយបានសម្តែងក្តីសង្ឃឹមថានឹងមានកិច្ចសហការកាន់ច្រើនក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ថាទាំងម៉ាល់ឌីវនិងកម្ពុជា មានសក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយ រួមគ្នាដោយបើប្រាស់សក្តានុពល បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបសំដៅ បង្កើនការផ្លាស់ប្ដូរទេសចររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានប្រគល់ភារកិច្ច ឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពិចារណាបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌និងកម្មវិធីផ្លាស់ប្តូរ។ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថាការតភ្ជាប់ជើងហោះហើរ ត្រង់រវាងប្រទេសទាំងពីរគឺជាតម្រូវការចាំបាច់ដើម្បីសម្រួលដល់ធុរកិច្ចការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននិងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ថ្នាក់ដឹក នាំទាំងពីរបានណែនាំឱ្យអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរធ្វើការពន្លឿនការពិភាក្សាដើម្បីបញ្ចប់និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មអាកាសចររវាងប្រទេសទាំងពីរ។ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យវារីវប្បកម្មនិងនេសាទថ្នាក់ដឹកនាំទាំងពីរបានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរពិចារណាបង្កើតយន្តការសហប្រតិបត្តិការនិងកម្មវិធីផ្លាស់ប្ដូរ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះការ រីកចម្រើននៃកិច្ចសហប្រតិ បត្តិការពហុភាគីរវាងម៉ាល់ឌីវនិងកម្ពុជា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរ គួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិនានារួមទាំង វេទិកាអង្គការសហប្រជាជាតិ ដើម្បី សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិថ្នាក់ ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើបញ្ហាផលប្រយោជន៍និងកង្វល់រួម ។

ឯកឧត្តមប្រធានាធិបតី បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យ និងមានកត្តិស័ព្ទបំផុត។ ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវក្តីសង្ឃឹមថាកម្ពុជានឹងបន្តគាំទ្រកិច្ចប្រឹងប្រែងជាបន្ត បន្ទាប់របស់ម៉ាល់ឌីវក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមប្រធានាធិបតីបានផ្តល់ការគាំទ្រពេញទំហឹង របស់រដ្ឋាភិបាលប្រទេសម៉ាល់ឌីវចំពោះសំណើដាក់ពាក្យសុំរបស់កម្ពុជាចូលជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ។ ឯកឧត្តមប្រធានាធិបតីនិងសម្តេចតេ ជោនាយករដ្ឋមន្ត្រីបានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងម៉ាល់ឌីវនិងកម្ពុជានឹងកាន់តែរស់រវើកដោយសារលទ្ធផលនៃទស្ស នកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅម៉ាល់ឌីវ។

បន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលទ្វេភាគីរួចមកសម្តេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេ ខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ក្នុងនោះរួមមាន ១កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវស្តីពីការ លើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការនិងធម្មតា ។២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋ ម៉ាល់ឌីវ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ ៣.អនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវជាមួយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ៤.អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ។៥.អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវនិងក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និង៦អនុស្សារណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្ម ជាតិនិងឧស្សាហកម្មម៉ាល់ឌីវ ។ បន្ទាប់មកប្រមុខមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃជំនួបកំពូល ។

បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីហ្វ ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជា មហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុ ជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តបំផុត របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥។ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូតជាមួយគ្នា ប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ ស្ទើតែមិនទាន់មានទំនាក់ទំនងជាមួយគ្នានោះទេ រួមទាំងការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវការ ពាណិជកម្មទ្វេភាគី និងការទំនាក់ទំនងខាងវប្បធម៌។ សាធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេសដែនកោះមួយ ស្ថិតក្នុងមហសាសមុទ្រឥណ្ឌា ដែល មានផ្ទៃក្រឡាទំហំជិត ៣០០គីឡូម៉ែត្រការ៉េនិងមាន ប្រជាជនរស់នៅប្រមាណជាង៥សែននាក់ ។ ផលិតផលសរុបរបស់ប្រទេសម៉ាល់ឌីវ មាន៤,៨៩ប៊ីលានដុល្លា ក្នុងឆ្នាំ២០២០។ ផលិតផលជាតិសម្រាប់ប្រជាជនម្នាក់ ៨ ៩៩៤ ដុល្លា សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២០។ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាល់ឌីវ ពឹងផ្អែកលើវិស័យសេវាកម្ម ៧៨ភាគរយ ឧស្សាហកម្ម១៣ភាគរយ និងកសិកម្ម ៨,៨ភាគរយ។ ផលិតផលនាំចេញក្រៅប្រទេសមានទំហំ១,៨៥ប៊ីលានដុល្លាផលិតផលនាំចូលពីក្រៅប្រទេសមាន ២,៥៦ប៊ៅលានដុល្លា។ទេសចរណ៍ជាវិស័យសេដ្ឋកិច្ចចម្បងរួមចំណែកដល់ផលិ តផលក្នុងស្រុកសរុបប្រមាណ ២៨ភាគរយ។ សាធារណរដ្ឋម៉ាល់ឌីវ បានចាប់ផ្តើមបើកប្រទេសឡើងវិញ ដើម្បីទទួួលទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ម៉ាល់ឌីវ ជាគោលដៅទេសចរណ៍កោះរួមមានការកំសាន្តបែបអេកូទេសចរណ៍តាមឆ្នេរដែលត្រូវបានចាត់ទុកជាឆ្នេរស្អាតជាងគេនៅលើពិភពលោកជាប់លំដាប់ទី១។

ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ម៉ាល់ឌីវទទួលបានទេសចរណ៍អន្តរជាតិ ជិត១លាន៥សែននាក់ កើនឡើង ៣២,៥ភាគរយ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១។ កម្ពុជា ម៉ាល់ឌីវ មានគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមមាន ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការចែករំលែកព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍធនធានមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចឬណ៍ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ រវាងមន្រ្តីនិងថ្នាក់ដឹកនាំទេស ចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរនិងលំហូរទេសចរប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕