ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​ជាង​២​គីឡូម៉ែត្រ​បើកមុខ​ទឹក​ពី​ប្រឡាយ​ពោងពាយ​ដល់​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩

914
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​បើក​មុខទឹក​ចាប់ពី​ប្រឡាយ​ពោងពាយ​កាត់មុខ​ចុង​ប្រឡាយ​មុខ​បុរី​អង្គ​ដល់​ផ្លូវជាតិ​៥​ដើម្បី​បញ្ជូន​ទឹក​ទៅ​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ដើម្បី​បូម​បន្ត​ទម្លាក់​ចូល​ទន្លេសាប​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​នា​រដូវវស្សា​នេះ​។ ការងារ​នេះ​អនុវត្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំពុង​យកចិត្តទុកដាក់​ក្នុង​ការធ្វើ​បណ្តាញ​លូ ជួសជុល​អណ្តូង​លូ​និង​ប្រឡាយ​ជាដើម ។​
​ជាក់ស្តែង​គឺ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ប្ញ​ស្សី​កែវ​ពាក់​ព័​ន្ទ​ក្នុងភូមិ​សាស្ត្រ បាននិងកំពុង​ដាក់​គ្រឿងចក្រ ចុះ​អន្តរាគមន៍​កាយ​ប្រឡាយ បើក​មុខទឹក​នៅក្នុង​ខ​ណ្ឌ​ឬ​ស្សី​កែវ ប្រមាណ​២​គី​ទ្បូ​រ​មែត្រ ទំហំ​៦​មែត្រ ដោយ​ចាប់​ប្រឡាយ​ពោងពាយ​បន្ត​មក​ចុង​ប្រឡាយ​មុខ​បុរី​អង្គ រហូតដល់​ផ្លូវជាតិ​៥ (​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩)​ដើម្បី​បូម​ទម្លាក់​ចូល​ទន្លេសាប​។​
​កាលពី​ព្រឹក​ថ្ងៃទី​១០​កក្ដ​ដា​នេះ​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​២០១៨​នេះ​ថា តប​តាម​បញ្ជា​ដឹកនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអោយ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ​ចុះ​ស្ដារ​ប្រឡាយ​មេ​មួយ​ខ្សែរ​ប្រមាណ​២ គី​ទ្បូ​រ​មែត្រ ដែលមាន​ទំហំ​៦​មែត្រ ដោយ​ចាប់ពី​ប្រឡាយ​ពោងពាយ​បន្ត​ដល់​ចុង​ប្រឡាយ​មុខ​បុរី​អង្គ​រហូតដល់​ផ្លូវជាតិ​៥ ពោលគឺ​ទៅដល់​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ដើម្បី​បូមទឹក​ចេញ​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​។​លោក​បញ្ជាក់ទៀតថា​៖ មកដល់ពេលនេះ ក្រុមការងារ​បានសម្រេច​ការងារ​របស់ខ្លួន​ជិត​ដល់ទី​បញ្ចប់​ហើយ ដោយបាន​កាយ​បើក​មុខទឹក​មកដល់​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ហើយ​។​
​គួរ​បញ្ជាក់ដែរថា​៖ កន្លងមកនេះ​ក្នុង​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង​លើ​ចំនួន​៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។​ដើម្បី​ដោះស្រាយបាន​នូវ​ការលិចលង់​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀតផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ៍​បុរី​១០០​ខ្នង ទី​២​ស្ថានីយ៍​លូ ៥ ទី​៣​ស្ថានីយ៍​បឹងទំពុន និង​ទី​៤​ស្ថានីយ៍​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម