ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ទិត ដាលីន ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៣​នេះ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយ(សែកគ្មានប្រាក់)។លោកថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួនតាមដីកាឱ្យនាំខ្លួនរបស់ ចៅក្រមស៊ើបសួរកាលពីម៉ោង៥:៤០នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញពាក់ព័ន្ធករណីចេញសែកស្អុយ ។

រូបថត៖លោក ថាច់ សេដ្ឋា ពេលសមត្ថកិច្ចឃាត់ខ្លួន

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបង្គាប់បីចំណុចដូចតទៅ៖

១. ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់។
២. ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣.ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៅល្ងាចថ្ងៃទី១៦ ខែមករានេះបានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ការចាប់ខ្លួនបានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ។

នៅល្ងាចថ្ងៃដដែលនេះដែរអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា។

សេចក្តីប្រកាសព័ត៌មានបានរៀបរាប់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុសដោយអនុវត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

សេចក្តីប្រកាសបានបន្តថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុសពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក) ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរ លើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពី កំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាននិងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១និងដីកាបង្គាប់ ឱ្យចូលខ្លួនលេខ ១៩ “ឈ១”ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី ក្រោយពីបានស្តាប់ចម្លើយនិងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថាការចាប់ខ្លួន លោកថាច់ សេដ្ឋា អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ប្រហែល ៥:៤០នាទីល្ងាចនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានឱ្យដឹងថា លោក ថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការ ទូទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១គប្បីតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។ ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ចំពោះមុខចៅក្រមស៊ើប សួរបំភ្លឺការពិត។ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕សរន