ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ គ្រូបង្វឹក លោក ផាក ហាងសូ (Park Hang-seo) បានស្តីបន្ទោសខ្លួនឯង បន្ទាប់ពីវៀតណាមបានចាញ់វគ្គផ្តាច់ព្រ័ត្រ AFF Cup ក្រោមថ្វីដៃថៃ ០-១។
លោកផាកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតកាលពីថ្ងៃចន្ទថា “ដំបូងនិងសំខាន់បំផុត ខ្ញុំចង់អបអរសាទរដល់ថៃនិងគ្រូបង្វឹកផូលឃីង (Polking)។ ខ្ញុំពិតជាចង់ឈ្នះពាននេះជាកាដូសម្រាប់អ្នកគាំទ្រ ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេ។ ខ្ញុំសោកស្ដាយចំពោះរឿងនោះណាស់”។
គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបាននិយាយថា “លទ្ធផលថ្ងៃនេះមិនដូចការរំពឹងទុកទេ ព្រោះខ្ញុំមិនល្អគ្រប់គ្រាន់ឡើយ។ សម្រាប់កីឡាករ ពួកគេបានព្យាយាមអស់ពីសមត្ថភាព ជាពិសេសពេលដែលពួកគេត្រូវលេងជាភ្ញៀវ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងបន្តគាំទ្រពួកគេជំនួសឱ្យការរិះគន់ពួកគេ”។
បន្ទាប់ពីស្មើ ២-២ នៅទឹកដីខ្លួនឯងក្នុងជើងទីមួយនៃវគ្គផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុន វៀតណាមត្រូវការឈ្នះ ឬស្មើ ៣-៣ ឬច្រើនជាងនេះដើម្បីលើកពាន។
ទោះបីលោកផាកបានផ្លាស់ប្តូរក្រុមបន្តិចបន្តួចក្នុងជើងទីពីរក៏ដោយ ក៏វៀតណាមនៅតែពិបាករកប្រឡោះស៊ុតបញ្ចូលទី។
នៅនាទីទី ២៥ អ្វីៗកាន់តែមានការលំបាកនៅពេលប្រធានក្រុមរបស់ថៃបានស៊ុតបញ្ចូលទីពីចម្ងាយ។ បន្ទាប់ពីគេនាំមុខមុន លោកផាកបានប្តូរខ្សែប្រយុទ្ធស្រួចបំផុតរបស់គាត់ដើម្បីរកគ្រាប់បាល់តាមស្មើ ប៉ុន្តែវៀតណាមនៅតែមិនអាចរកគ្រាប់បាល់បាន។
ជាមួយនឹងបរាជ័យនេះ លោកផាក ដែលការកាន់តំណែងរបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិបានចប់សព្វគ្រប់ហើយនោះ មិនបានធ្វើដូចអ្វីដែលមនុស្សជាច្រើនសង្ឃឹមទុកនោះទេ ៖ នោះគឺការនិយាយលាវៀតណាមជាមួយនឹងពាន។
នេះជាលើកទីពីរហើយដែលក្រុមរបស់លោកផាកចាញ់ថៃក្នុង AFF Cup។ ពួកគេបានធ្លាក់ក្នុងការប្រកួតកាលពីឆ្នាំមុនដោយចាញ់ថៃ ០-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោកផាកបានប្រាប់សន្និសីទកាសែតថា “ខ្ញុំមិនដឹងថាតើវៀតណាមអាចយកឈ្នះថៃបានឬអត់ទេបន្ទាប់ពីខ្ញុំចាកចេញ។ នេះនឹងក្លាយជាការងាររបស់គ្រូបង្វឹកបន្ទាប់ ប៉ុន្តែខ្ញុំជឿថា បាល់ទាត់វៀតណាមនឹងបន្តរីកចម្រើន។ ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំមិនមែនជាគ្រូបង្វឹករបស់វៀតណាមទៀតទេ ប៉ុន្តែខ្ញុំនៅតែជាអ្នកគាំទ្រក្រុមជម្រើសជាតិ និងក្រុមវៀតណាមអាយុក្រោម២៣។ ខ្ញុំសង្ឃឹមថា យើងនឹងរក្សាការចងចាំល្អៗរបស់គ្នាជារៀងរហូត”៕
លោកផាកនិយាយក្នុងអំឡុងសន្និសីទកាសែតក្រោយចាញ់ថៃកាលពីថ្ងៃចន្ទ