ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន បក់ក្នុងល្បឿន ពីមធ្យមទៅបង្គួរ ធ្វើឱ្យអាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតមធ្យម។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា´ៈស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២៣ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតមធ្យម ពិសេសនៅតំបន់ទំនាប ភាគពាយព្យ ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ១៧ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ៕ V / N