​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រីប៉ូលិស​បាន​និយាយថា មនុស្ស​ប្រាំមួយ​នាក់ រួម​ទាំង​ម្តាយ​អាយុ ១៧ ឆ្នាំ និង​ទារក​អាយុ ៦ ខែ​របស់​នាង​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហា​រកា​លពី​​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​មករា​នៅ​ផ្ទះ​មួយ​នៅ​កណ្តាល​រដ្ឋ​កាលីហ្វ័​រញ៉ា ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​ជនសង្ស័យ​យ៉ាងហោច​ពីរ​នាក់​។​

​ការិយាល័យ​តម្រួត​ស្រុក​ធូលែ​រី (Tulare)​បាន​និយាយថា ប៉ូលិស​បាន​ឆ្លើយតប​នៅ​ម៉ោង​ប្រហែល ៣៖៣០​នាទី​ព្រឹក​ចំពោះ​របាយការណ៍​នៃ​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់​នៅ​ឯ​លំនៅដ្ឋាន​មួយ​នៅ​​ក្នុង​តំបន់​ហ្គោសិ​ន (Goshen) នៅ​ភាគ​ខាងកើត​ទីក្រុង​វ៉ា​យ​សេលៀ (Visalia)​។​

​តម្រួត​ឈ្មោះ ម៉ៃ បូ​ដ្រូ (Mike Boudreaux) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ពិត​ណាស់​មាន​របាយការណ៍​ថា​មាន​អ្នក​បាញ់ប្រហារ​សកម្ម​ម្នាក់​ស្ថិត​នៅក្នុង​តំបន់​នេះ​ដោយសារ​តែ​ចំនួន​គ្រាប់​ដ៏​ច្រើន​​ដែល​បាន​បាញ់​ចេញ​”​។​

​លោកបូ​ដ្រូ​បាន​និយាយថា ប៉ូលិស​បាន​រកឃើញ​ជ​ន​រងគ្រោះ​ពីរ​នាក់​ដេកស្លាប់​នៅលើ​ដងផ្លូវ ហើយ​ជនរងគ្រោះ​ទី​បី​ស្លាប់​នៅ​មាត់ទ្វារ​ផ្ទះ​។​

​លោក​បន្តថា ជនរងគ្រោះ​បី​នាក់​ទៀត​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​រួម​ទាំង​បុរស​ម្នាក់​ដែល​នៅ​មាន​ជីវិត ប៉ុន្តែ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​លោក​តម្រួត​បាន​និយាយថា ក្រុម​ស៊ើបអង្កេត​កំពុង​ស្វែងរក​ជនសង្ស័យ​យ៉ាងតិច​ពីរ​នាក់ ។ ពួក​គេ​ជឿ​ថា​មាន​ការជាប់​ពាក់ព័ន្ធ​របស់​ពួក​ជើងកាង​ជាមួយ​ការសម្លាប់​នេះ​។ លោកដូ​ប្រូនិ​យាយថា ការិយាល័យ​តម្រួត​បាន​សុំ​ដីកាឆែកឆេរ​ទាក់ទង​នឹង​គ្រឿងញៀន​នៅ​ឯ​គេហដ្ឋាន​នេះ​កាលពី​សប្តាហ៍​មុន​។​

​គាត់​បាន​និយាយថា “​យើង​ក៏​ជឿ​ដែរ​ថា​នេះ​មិនមែន​ជា​អំពើហិង្សា​ចៃដន្យ​នោះទេ​។ យើង​ជឿ​ថា​នេះ​ជា​គ្រួសារ​គោលដៅ​”​។

​លោក​បាន​បន្តថា ជនរងគ្រោះ​ពីរ​នាក់ គឺ​ម្តាយ​វ័យក្មេង​និង​ទារក ត្រូវ​បាន​បាញ់​ចំក្បាល​៕

​ប៉ូលិស​កំពុង​ស៊ើបអង្កេត​កន្លែង​កើតហេតុ​នៅ​ឯ​លំនៅដ្ឋាន​មួយ​នៅក្នុង​តំបន់​ហ្គោសិ​ន​កាលពី​ថ្ងៃ​ចន្ទ