ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ខណៈឧស្សាហកម្មរថយន្តទូទាំងពិភពលោកផ្លាស់ប្តូរទៅរកអគ្គិសនីហើយចំនួននៃ “រថយន្តថាមពលថ្មី”ដែលផលិតដោយចិនបានលក់ដាច់ច្រើនឡើងនៅទូទាំងពិភពលោក ក្រុមហ៊ុនផលិតរថយន្តនិងអ្នកចែកចាយកាន់តែច្រើនឡើងនៅទូទាំងទ្វីបអឺរ៉ុបបានចាត់ទុកការប្រកួតប្រជែងពីក្រុមហ៊ុនផលិតចិនជាឱកាសជាជាងការគំរាមកំហែង។
បន្ទាប់ពីផ្អាកអស់រយៈពេលពីរឆ្នាំ ព្រឹត្តិការណ៍ពិព័រណ៍យានយន្តព្រុចសែល (Brussels Motor Show) បានត្រឡប់មកវិញយ៉ាងអស្ចារ្យកាលពីថ្ងៃទី ១៤ ខែមករា។ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏មានកិត្យានុភាពលើកទី១០០នេះស្វាគមន៍ភ្ញៀវរហូតដល់ថ្ងៃទី ២២ ខែមករា។ អ្វីដែលយកមកតាំងបង្ហាញគឺយានជំនិះអគ្គិសនីទំនើបៗ និងបច្ចេកវិជ្ជា E-mobilityរបស់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ពិភពលោក។
ក្រុមហ៊ុនចូលរួមទាំង ៥៥ ក៏មានម៉ាករថយន្តអគ្គិសនីរបស់ចិនផងដែរដូចជា BYD, SERES, BAIC ឬ MG ។ ពួកគេបានបង្ហាញរថយន្តអគ្គិសនីទាំងស្រុងក៏ដូចជារថយន្តកូនកាត់ រថយន្តប្រើសាំង និងរថយន្ត CNG (ឧស្ម័នធម្មជាតិបង្ហាប់)។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឈានមុខគេរបស់ចិន BYD បាននាំយកម៉ូដែលចំនួនបីមកដាក់តាំងបង្ហាញគឺរថយន្ត ATTO 3, HAN និង TANG ប៉ុន្តែតំណាងក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ម៉ូដែលផ្សេងទៀតក៏គ្រោងនឹងនាំយកទៅអឺរ៉ុបក្នុងពេលឆាប់ៗផងដែរ។
ក្រុមហ៊ុន BYD មានវត្តមានរួចហើយនៅក្នុងប្រទេសន័រវែស ស៊ុយអែត ដាណឺម៉ាក ហូឡង់ និងបែលហ្ស៊ិក ហើយនៅឆ្នាំនេះ ក្រុមហ៊ុនក៏នឹងបើកដំណើរការនៅអាល្លឺម៉ង់ បារាំង អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ និងចក្រភពអង់គ្លេសផងដែរ។
ចាប់តាំងពីឆ្នាំ ២០១៥ មក ផលិតផលរថយន្ត EV របស់ចិនបានគ្របដណ្តប់ទីផ្សារពិភពលោក។ នៅឆ្នាំ ២០២២ ប្រទេសអាស៊ីមួយនេះបាននាំចេញរថយន្តថាមពលថ្មីជិត ៦៨០.០០០ គ្រឿង ដែលកើនឡើង ១២០ ភាគរយធៀបនឹងឆ្នាំមុន៕
ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនដូចជា BYD, SERES, BAIC ឬ MG បាននាំរថយន្តទំនើបៗជាច្រើនទៅបង្ហាញនៅបែលហ្ស៊ិក