ភ្នំពេញៈ យោងតាមក្រសួងទេសចរណ៍ ​បានដកស្រង់ប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឲ្យដឹង ពីទីក្រុងម៉ាល់ថាៈ អំឡុងពេល​ទស្សនកិច្ច ផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រកបដោយ លទ្ធផលផ្លែផ្កា យ៉ាងច្រើន ជាប្រវត្តិសាស្ត្រ ក្នុងនោះ អនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ រវាងកម្ពុជា និង ម៉ាល់ឌីវ ក៏ត្រូវបានចុះហត្ថ លេខា ផងដែរ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាល់ ប្រទេសម៉ាល់ឌីវ ចំពោះមុខសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកប្រធានាធិបតី នៃប្រទេសម៉ាលឌីវ ផងដែរ។

អនុស្សរណៈនេះ ផ្ដោតលើកិច្ចសហប្រតិបត្តិការ ដូចតទៅ៖
ក. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។
ខ. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការ របស់មន្ត្រីជំនាញ និងផ្នែកឯកជន។
គ. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។
ឃ. គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និងកិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ ទេសចរណ៍។
ង. ការលើកទឹកចិត្ត ឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ។
ជ. និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ លទ្ធផលនៃទស្សនកិច្ចផ្លូវការ ក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្ត អនុស្សរណៈខាងលើ ឲ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋ នៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែន ការទូត ផ្លូវការ និងធម្មតា ចំនួន ៣០ ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋនៃប្រទេសទាំងពីរ កាន់តែប្រសើរ នៅថ្ងៃអនាគត។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថាៈ គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឲ្យសិក្សាលទ្ធភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាកាលានុវត្តភាពធំធេង សម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្ត នៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បីតិកភណ្ឌ ឬគោលដៅទេស ចរណ៍ដទៃទៀត នៅកម្ពុជា។

ដោយឡែក សម្តេចតេជោ ក៏បានអញ្ជើញលោក ប្រធានាធិបតី មកធ្វើទស្សនកិច្ចផ្លូវការ នៅកម្ពុជា ឲ្យបានមុនថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលថ្វាយបង្គំគាល់ព្រះមហា ក្សត្រ រួចនឹងបន្តពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ពោធផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នៅខេត្តព្រះសីហនុ និងពិសេសផ្តល់កិត្តិយស ចូលរួមពិធីបើកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (32nd SEA Games and 12th ASEAN Para Games) នៅទីរាជធានីភ្នំពេញ ក្រោមប្រធានបទ ” កីឡារស់ក្នុងសន្តិភាព – Sport Lives In Peace” ដែលកម្ពុជា បានរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ។

ការទន្ទឹមនឹងនេះផងដែរ ការសំរេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យសិក្សាជ្រើសរើស វិថីណាមួយ នៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា−ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញ សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យធ្វើដំណើរទស្សនា ទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាព នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អ ប្រសើរថែមទៀត។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ម៉ាល់ឌីវ ដែលបានផ្ដល់ អាហារូបករណ៍ផ្នែកបដិសណ្ឋារកិច្ច ដល់សិស្ស និស្សិតកម្ពុជា ចំនួន ២០ កន្លែង ផងដែរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់ លោក ថោង ខុន បានបញ្ជាក់ថាៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ ១ ថ្ងៃ ក្រុមការងារជំនាញ នៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការ អនុវត្តអនុស្សរណៈ មានដូចជា៖ (១) ការជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា−ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬ ត្រីកោណ ឬ ជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), (២) ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍, (៣) ការរៀបចំឲ្យ មានទស្សនកិច្ចស្វែងយល់ពីគ្នា ដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), (៤) ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួម ជាដើម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ក្រុមការងារ បានឯកភាពគ្នារួចហើយ ដើម្បីរៀបចំ ក្រុមការងារទេសចរណ៍ នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតី អនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ក៏ដូចជាការ អនវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផល នៃទស្សនកិច្ចផ្លូវការ នាពេលនេះផងដែរ។

សូមរំលឹកជូនថា មុនវិបត្តិកូវីដ−១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន ៦,៦ លាននាក់ កើនឡើង ៦,៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន ២,២ លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ ២០២១។ រីឯប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិ ចំនួន ១,៧ លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១,៦ លាននាក់៕ V / N