​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ រាប់​ចាប់ពី​កង្កែប​អូស្ត្រាលី​ដែល​លេប​ពង​របស់​វារ​ហូត​ដល់​ដំរី​ម៉ាំ​មុត អ្នកវិទ្យាសាស្ត្រ​កាន់តែ​ខិត​ជិត​ដល់​ការ​អាច​នាំ​យក​ប្រភេទ​សត្វ​ផុត​ពូជ​ជា​យូរលង់​ឱ្យ​រស់​ឡើងវិញ​។​

​កាល​ពី​រាប់លាន​ឆ្នាំមុន ខ្លា​ថា​យ​ឡា​សុន (thylacines) ដែល​គេ​ស្គាល់​ថា ខ្លា ថា​ស​មេនៀ (Tasmania) គឺ​មាន​វត្តមាន​ពាសពេញ​ប្រទេស​អូស្ត្រាលី​។ មាន​ទំហំ​ប៉ុន​ចចក​អាម៉េរិក​ខ្លា​ដែល​មាន​រាង​​ដូច​ឆ្កែ​ទាំងនេះ​បាន​បាត់ស្រមោល​ពី​ដីគោក​ប្រហែល ២០០០ ឆ្នាំមុន​។ ពួកវា​បាន​រស់​នៅក្នុង​រដ្ឋ​ថា​ស​មេនៀ រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ១៩២០ នៅពេល​ដែល​ពួក​វា​ត្រូវបាន​សម្លាប់​ដោយ​ពួក​អាណានិគម​អឺរ៉ុប ដែល​មើល​ឃើញ​ពួក​វា​ជា​ការគំរាមកំហែង​ដល់​បសុសត្វ​។​

​លោក អាន់​ឌ្រូ ផា​ស (Andrew Pask) អ្នកឯកទេស​ខាង​ហ្សែ​ន​នៅ​សាកលវិទ្យាល័យ​មែ​ល​ប៊​ន បាន​និយាយថា​”​វា​គឺជា​ការ​ផុត​ពូជ​ដែល​ជំរុញ​ដោយ​មនុស្ស​។​ពួក​អ្នក​តាំង​ទីលំនៅ​មក​ពី​អឺរ៉ុប​បាន​មក​​អូស្ត្រាលី ហើយ​បាន​កាប់​សម្លាប់​សត្វ​នេះ​យ៉ាង​ព្រៃផ្សៃ​”​។​

​លោក​ផាស​កំពុង​ដឹកនាំ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម ដែល​រួម​ជាមួយនឹង​ក្រុមហ៊ុន “​ស្តារ​ការ​ផុត​ពូជ​ឡើងវិញ​” ហៅថា Colossal Biosciences មាន​បំណង​បង្កើត​សត្វ​ដូច​ចចក​នេះ​ឡើងវិញ​ហើយ​​នាំ​ពួកវា​ឱ្យ​មាន​ជីវិត​ឡើងវិញ​។​

​ដោយសារ​ភាពជឿនលឿន​ខាង​ហ្សែ​ន​វិទ្យា​នា​ពេល​ថ្មីៗ​នេះ ពោលគឺ​ការមកដល់​នៃ​បច្ចេកវិជ្ជា​កែ​ហ្សែ​ន Crispr-Cas9​សត្វ​ខ្លា​ថា​យ​ឡា​សុន​មិនមែន​ជា​ប្រភេទ​សត្វ​ដែល​ផុត​ពូជ​តែមួយគត់​ដែល​យើង​​អាច​នឹង​ឃើញ​ម្តង​ទៀត​ក្នុងពេល​ឆាប់ៗ​នោះទេ​។ តើ​វិទ្យាសាស្ត្រ​នៃ​ការស្តា​រការ​ផុត​ពូជ​ដំណើរការ​យ៉ាង​ដូចម្តេច ហើយ​តើ​នឹង​មាន​ការលើកឡើង​នូវ​សំណួរ​សីលធម៌​បែបណាខ្លះ​?

​ក្នុងករណី​ខ្លា​ថា​យ​ឡា​សុន ជំហាន​ដំបូង​គឺ​ការ​តម្រៀប DNA របស់​សត្វ​ដែល​ផុត​ពូជ​នេះ ពោលគឺ​សំណា​កហ្សែនដែ​លមាន​នៅក្នុង​គ្រប់​កោសិកា​ទាំងអស់​នៃ​សាកសពរ​បស់​វា​។ ​លោក​ផាស​ធ្លាប់បាន​ធ្វើ​រឿងនេះ​រួចហើយ​ក្នុង​ឆ្នាំ ២០១៧​។​

​លោក​ផា​សបាន​និយាយថា “​រឿង​ដ៏​អស្ចារ្យ​អំពី​ខ្លា​ថា​យ​ឡា​សុន​គឺថា ដោយសារ​វា​ជា​សត្វ​ដ៏​សំខាន់​មួយ ដែល​គ្រប់​សារមន្ទីរ​ធំៗ​ចង់​បាន​វា​នៅក្នុង​កន្លែង​របស់​ពួក​គេ​ដូច្នេះ​មាន​សំណាក​រាប់រយ​នៅ​ជុំវិញ​ពិភព​​លោក ហើយ​សំណាក​មួយចំនួនទៀត​ត្រូវបាន​រក្សា​ទុក​យ៉ាង​ពិសេស​”​។​

“​សំណាក​របស់​យើង​គឺជា​កូន​ខ្លា​ដែល​យក​ចេញពី​ស្បូន​របស់​មេខ្លា​។ ពួកគេ​បាន​បាញ់​មេខ្លា​ហើយ​យក​កូន​ខ្លា​ទម្លាក់​ចូល​ទៅក្នុង​ស្រា​ភ្លាមៗ ដែល​វា​បាន​ជួយ​រក្សា DNA បាន​យ៉ាង​ល្អ​។​នោះ​គឺជា​សំណាក​ដ៏​​អព្ភូតហេតុ​និង​ជា​វត្ថុ​ស័ក្តិសិទ្ធិ​សម្រាប់​ពួកយើង ក្នុងន័យ​ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការបង្កើត​សត្វ​នេះ​ឡើង​វិញ​”​។​

​ថ្វីត្បិតតែ​វា​ស្ថិតក្នុង​ស្ថានភាព​ល្អ​ក៏ពិតមែន ប៉ុន្តែ DNA មិន​ពេញលេញ​ទាំងស្រុង​នោះ​ទេ​។ យូរៗ​ទៅ ការប៉ះពាល់​នឹង​ពន្លឺ​កាំរស្មី UV និង​សកម្មភាព​របស់​បាក់តេរី​នឹង​បំបែក DNA ទៅ​ជា​បំណែក​ខ្លីៗ​។ សំណាក​កាន់តែ​ចាស់ បំណែក​សេសសល់​នឹង​កាន់តែ​តូច រហូត​ទាល់តែ​អស់​គ្មាន​សល់ (​គ្មាន​ឱកាស​ក្នុងការ​ធ្វើ​ឱ្យ​ដាយ​ណូស័​ររស់​ឡើង​វិញ​បាន​ទេ ដោយសារតែ​ហេតុផល​នេះ​)​។​

​រឿង​នេះ​បាន​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទទួល​នូវ​កិច្ចការ​ដែល​មើលទៅ​ហាក់​មិន​អាច​ទៅរួច​ក្នុង​ការស្វែងយល់​ពី​របៀប​ដែល​បំណែក DNA ជាច្រើន​រៀប​ត្រូវ​ជាមួយ​គ្នា​ដែល​នេះ​ជា​កិច្ចការ​មួយ​អាច​ប្រៀប​បាន​ទៅ​​នឹង​ការបំពេញ​រូប​ផ្គុំ​ដ៏​ធំ​សម្បើម​មួយ ដោយ​គ្មាន​រូបភាព​ដើម​ឱ្យ​មើល​។​

​សំណាងល្អ សត្វ​កណ្ដុរ​តូច​មួយ ដែល​គេ​ហៅថា ដាន់​ណាត (Dunnart) អាច​ផ្តល់​ប្លង់​មេ​មួយ​បាន​។​

​លោក​ផាស​និយាយថា “​យើង​បាន​រកឃើញ​សាច់ញាតិ​នៅរស់​ដែល​ជិតស្និទ្ធ​បំផុត​នឹង​ខ្លា​ថា​យ​ឡាស​សុន នោះ​គឺ​កណ្តុរ​ដាន់​ណាត​”​។​

​កណ្តុរ​ដាន់​ណាត​និង​ខ្លា​ថា​យ​ឡា​សុន​មាន DNA ដូចគ្នា ៩៥ ភាគរយ ដែល​គេ​គិត​ថា​ត្រូវ​បាន​រក្សា​ក្នុង​កម្រិត​ខ្ពស់ ចឹង​មាន​ន័យ​ថា​វា​មិន​ផ្លាស់ប្តូរ​ច្រើន​ទៅតាម​ពេលវេលា​នោះ​ទេ​។​

​លោក​ផាស​និយាយថា “​យើង​បាន​តម្រៀប​ហ្សែ​ន​របស់​កណ្តុរ​ដាន់​ណាត ហើយ​ប្រៀបធៀប​ហ្សែ​ន​នោះ​ទៅ​នឹង​ប្រភេទ​សត្វ​ផុត​ពូជ​របស់​យើង បន្ទាប់មក​យើង​បានដាក់​ពួកវា​ត្រួត​លើ​គ្នា ហើយ​បាន​រកឃើញ​គ្រប់​កន្លែង​ដែល​ខុសគ្នា​”​។​

​ទោះយ៉ាងណា ការដឹង DNA​របស់​សត្វ​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​នាំ​វា​ឱ្យ​មាន​ជីវិត​ឡើងវិញ​នោះ​ទេ​។​ដំណាក់កាល​បន្ទាប់​ទៀត​គឺពាក់ព័ន្ធ​នឹង​ការកែហ្សែ​ន​របស់​កណ្តុរ​ដាន់​ណាត​ដើម្បីឱ្យ​វា​ត្រូវ​គ្នា​នឹង​ហ្សែ​ន​របស់​ខ្លា​​ថា​យ​ឡា​សុន​។ រឿង​នេះ​អាច​ធ្វើទៅបាន​ដោយ​ប្រើ​បច្ចេកវិជ្ជា Crispr-Cas9 ជា​វិធីសាស្ត្រ​កែ​ហ្សែ​ន​ដែល​ទទួលបាន​ពានរង្វាន់​ណូបែល​។​

​លោក​ផាស​និយាយថា “​យើង​ចាប់ផ្តើម​ជាមួយ​កោសិកា​រស់​ពី​កណ្តុរ​ដាន់​ណាត ហើយ​យើង​ចាប់ផ្តើម​កែសម្រួល​ការផ្លាស់ប្តូ​រទាំ​ង​អស់នោះ ដូច្នេះ​យើង​នឹង​ធ្វើ​វិស្វកម្ម​ឬ​បង្វែរ​កោសិកា​កណ្តុរ​ដាន់​ណា​ត​ទៅ​ជា​កោសិកា​ខ្លា​ថា​យ​ឡា​សុន​ដែល​មាន​ជីវិត ជាមួយនឹង​ក្រូម៉ូសូម​ខ្លា​ថា​យ​ឡា​សុន​នៅក្នុង​នោះ​តែម្តង​”៕

អ្នកវិទ្យាសាស្ត្រ​មានសង្ឃឹម​ខ្ពស់​ក្នុង​ការធ្វើឱ្យ​ខ្លា​ថា​យ​ឡា​សុន​រស់​ឡើង​វិញ ដោយ​ប្រើ​ហ្សែ​ន​របស់​កណ្តុរ​ដាន់​ណាត​