ប្រែសម្រួល : កញញាដាលីស (ដេល្លីម៉េល) ៖ ព័ត៌មានលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលនៅពីក្រោយការផ្ទេរតម្លៃ ៨៨ លានផោនរបស់កីឡាករ មីខាអ៊ីឡូ មូទ្រីក (Mykhailo Mudryk) ទៅ Chelsea ពី Shakhtar Donetsk ត្រូវបានបង្ហាញដោយក្លិបអ៊ុយក្រែន។
មូទ្រីក ដែលគ្រោងនឹងចូលរួមជាមួយគូប្រជែងក្នុងទីក្រុងឡុងដ៍ Arsenal បែរជាចុងក្រោយផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ ហើយត្រូបានក្រុមតោខៀវយកមកបង្ហាញខ្លួនជាផ្លូវការក្នុងអំឡុងពេលពួកគេឈ្នះលើ Crystal Palace។
បន្ទាប់ពីការផ្ទេរនេះបានធ្វើរួចរាល់ ប្រធានក្លិប Shakhtar លោក រីណាត អាក់មេតូវ (Rinat Akhmetov) ឥឡូវនេះបានផ្តល់ព័ត៌មានលម្អិតពេញលេញអំពីការផ្ទេរនេះ ហើយបានបង្ហើបថា ក្រុមរបស់លោក ហ្គ្រាហាំ ផតធឺ (Graham Potter) លេងទល់នឹង Shakhtar ក្នុងការប្រកួតមិត្តភាពនៅទីក្រុងដូណិតស៍របស់អ៊ុយក្រែន គឺជាផ្នែកនៃកិច្ចព្រមព្រៀង។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើវេបសាយរបស់ពួកគេ លោកអាក់មេតូវបានសរសេរថា “ក្លិប FC Shakhtar បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមួយ Chelsea FC ដូច្នេះកីឡាករបាល់ទាត់អ៊ុយក្រែន មីខាអ៊ីឡូ មូទ្រីក នឹងបន្តអាជីពរបស់គេជាមួយក្រុមតោខៀវក្នុងការប្រកួតជើងឯកថ្នាក់ជាតិខ្លាំងបំផុតគឺ English Premier League”។
“ជាដំបូងនិងសំខាន់បំផុត ខ្ញុំចង់អរគុណដល់ពិភពស៊ីវិល័យអង់គ្លេសទាំងមូល ដែលបានជួយអ៊ុយក្រែន។ ថ្ងៃនេះយើងអាចនិយាយអំពីបាល់ទាត់អ៊ុយក្រែនបានគឺដោយសារកងទ័ពអ៊ុយក្រែន ប្រជាជនអ៊ុយក្រែន និងការគាំទ្រយ៉ាងខ្លាំងពីពិភពស៊ីវិល័យអង់គ្លេសទាំងមូល។ ទាល់តែចូលរួមប្រឹងប្រែងទាំងអស់គ្នាទើបយើងអាចកម្ចាត់បិសាចដែលចូលមកដល់ផ្ទះយើង”។
ម្ចាស់ក្លិបបានសរសេរទៀតថា “ថ្ងៃនេះខ្ញុំកំពុងត្រៀមថវិកា ២៥ លានដុល្លារ (២០,៥លានផោន) ដើម្បីជួយទាហាន អ្នកការពារ និងគ្រួសាររបស់ពួកគេ។ ប្រាក់នេះនឹងត្រូវបានប្រើដើម្បីគ្របដណ្តប់លើតម្រូវការផ្សេងៗគ្នា រាប់ពីការផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រនិងជំនួយផ្លូវចិត្តរហូតដល់ការបំពេញនូវសំណើជាក់លាក់ជាច្រើនទៀត”៕
ប្រធានក្លិប Shakhtar លោក រីណាត អាក់មេតូវ បរិច្ចាគ ២៥ លានដុល្លារដែលបានពីការលក់កីឡាករមូទ្រីក ដើម្បីជួយទាហានអ៊ុយក្រែន