ដោយៈ សុផល / កំពត៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីទេសចរណ៍ ខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹងការផ្សព្វផ្សាយ រូបភាព និងវីដេអូ នៅតាមតំបន់សក្តានុពលទេសចរណ៍ តាមរយៈបណ្តាញទំនាក់ទំនង សង្គម ដោយមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ តំណាងសហគមន៍ទេសចរណ៍ និង Influencer ប្រមាណជាង ៥០ រូប។
លោក ឡាង សុលីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដ្ឋាន គ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម នៃក្រសួងទេសចរណ៍ បានថ្លែងថា៖ កម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នាពេល ខាងមុខ ធ្វើយ៉ាងណា ពង្រីកការផ្សព្វផ្សាយ ឱ្យបានដល់គ្រប់តំបន់ តាមរយៈឌីជីថល។ ការស្តារឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩ នឹងផ្តោតសំខាន់លើក ការជំរុញ ក្នុងការផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម។
លោក ឡាង សុលីណា បានលើកឡើងថា៖ ការផ្សព្វផ្សាយ តាមរយៈឌីជីថល ត្រូវបានចាត់ទុកថា ជាកត្តាអាទិភាពមួយ ក្នុងការជំរុញឱ្យភ្ញៀវទេសច បានទៅដល់ គោលដៅកម្សាន្តនានា។ បណ្តាញទំនាក់ទំនងសង្គម មិនត្រឹមតែជួយផ្សារភ្ជាប់ពីមនុស្ស ទៅនឹងទីកន្លែងទេ ថែមទាំងជួយបង្កើនខាងផ្នែកសេដ្ឋកិច្ច តាមតំបន់ទៀតផង។ ព្រឹត្តិការណ៍បុណ្យជាតិ និងបុណ្យទេសចរណ៍នានា គឺជាឱកាសក្នុងការបង្កើតរូបភាព និងវីដេអូ សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឡាង សុលីណា ប្រធានអង្គប្រជុំ បានលើកទឹកចិត្ត និងសហការការជាមួយ influencers ល្បីៗដើម្បីផ្សព្វផ្សាយបន្ថែម តាមប្រព័ន្ធឌីជីថល។ លោក ជឿជាក់ថា កិច្ចសហការរវាងដៃគូឯកជន និង influencers នឹងប្រឹងធ្វើយ៉ាងណា ជួយគ្នាក្នុងបង្កើត ជាប្រភសម្រាប់ឱ្យភ្ញៀវទេសចរ បានដឹង បានស្គាល់កន្លែងទស្សនានានា នៅក្នុងខេត្តកំពត ហើយមន្ទីទេសចរណ៍ និងក្រសួង នឹងជួយផ្សព្វផ្សាយបន្ត តាមរយៈបណ្តាញទំនាក់ទំនង សង្គម៕/V-PC