ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ មករា ២០២៣ សមត្ថកិច្ចចម្រុះ ចុះផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្លាកសញ្ញា ក្រោយពីកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ នៅចំណុចផ្លូវបំបែកជា៤ អាស៊ាន និងផ្លូវលេខ ៥៣ ដែលស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អនុប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថាៈ ដោយមើលឃើញស្ថានភាព ករណីគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងជាបន្តបន្ទាប់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សមត្ថកិច្ចចម្រុះ នគរបាល ចរាចរណ៍ផ្លូវគោកខេត្ត កងរាជអាវុធហត្ថខេត្ត បានចូលរួមផ្សព្វផ្សាយអប់រំណែនាំ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ លើកំណត់ផ្លូវបំបែកជាបួន ខាងលើ ឱ្យយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្លាកសំគាល់សញ្ញាចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍។

អនុប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងកន្លងមក គឺបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បើកបរហួសល្បឿន កំណត់ ។

នៅថ្ងៃនេះផងដែរ កម្លាំងចម្រុះ បានចុះមកដល់កន្លែងផ្លូវបំបែកជាបួន លេខ៥៣ ដើម្បីអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកបើកបររថយន្ត ទាំងអ្នកបើកបរម៉ូតូ ម៉ូតូរ៉ឺម៉ក គោយន្តកន្ត្រៃ ឲ្យយល់ច្បាស់ស្ដីពី ច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ ។

អនុប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងកុំបើកបរហួសល្បឿនកំណត់ ។

បើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ ផ្លូវអាស៊ាន វាងក្រុងកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២ ដល់ថ្ងៃទី១៧ មករា ២០២៣ កើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៧ ករណី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ និងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ៕ V / N