ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចប្រគល់ដី ដែលលោក គង់ គាំ បានប្រគល់មករដ្ឋវិញ ឲ្យមក គ.ជ.ប ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប ។ បន្ទាប់ពីទទួលបានដី ដែលរដ្ឋាភិបាល ប្រគល់ជូនមក គ.ជ.ប គឺ គ.ជ.ប នឹងសាងសង់ ធ្វើទីស្នាក់ការថ្មី។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថាៈ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានទទួលព័ត៌មាន អំពីការសម្រេចរបស់រាជរដ្ឋាភិបាល អំពីការប្រគល់ដី ដែលលោក គង់ គាំ ប្រគល់ដីជូនរដ្ឋវិញ មកឲ្យ គ.ជ.ប ។ ក៏ប៉ុន្តែឯកសារ ផ្លូវការ នៃការប្រគល់ដីនេះ គឺ គ.ជ.ប នៅមិនទាន់បានទទួលជាផ្លូវការនៅឡើយទេ។ ដូចបានជ្រាបហើយ គ.ជ.ប នឹងរៀបចំអគារថ្មី គឺនៅឆ្ងាយប៉ែកខាងជើង រាជធានីភ្នំពេញ ។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថាៈ “ការសម្រេចរបស់រដ្ឋាភិបាល ដែលផ្តល់ដី មកថ្មីនេះ គឺសំខាន់រៀបចំទីស្នាក់ការ គ.ជ.ប ថ្មី ហើយសូមអរគុណដល់រដ្ឋាភិបាល ដែលបានប្រគល់ដីមក គ.ជ.ប ហើយអាចធំជាងកន្លែងចាស់។ ហើយការរៀបចំសាងសង់ គឺនៅពេលដែលបានមក យើងនឹងរៀបចំទៅតាមនីតិវិធី និយាយឲ្យខ្លី គឺយើងធ្វើអគារ ទីតាំង គ.ជ.ប ថ្មី”។

ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករានេះថាៈ ទាក់ទងការប្រគល់ដីជូន គ.ជ.ប នៅមិនទាន់បានកំណត់កាលបរិច្ឆេទ ជាក់លាក់នៅឡើយទេ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ដី ដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា នេះថាៈ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីដែលលោក គង់ គាំ ប្រគល់មករដ្ឋវិញ គឺប្រគល់ដីនោះត្រឡប់ មកក្រសួងការបរទេស ហើយបន្ទាប់ពីប្រគល់ជូន ក្រសួងការបរទេសហើយ សម្តេចបានចង្អុលបង្ហាញថា អាស្រ័យដោយ គ.ជ.ប មិនទាន់មានកម្មសិទ្ធិនៅឡើយទេ ហើយដីដែលលោក គង់ គាំ ប្រគល់មកវិញ គឺប្រគល់ជូន គ.ជ.ប ប្រើប្រាស់ ជាសម្បត្តិ របស់ គ.ជ.ប វិញ ។

សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោក គង់ គាំ ជម្រាបជូនលោក កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក គង់ គាំ បានបញ្ជាក់ថាៈ “ដូចគោរពជម្រាបជូន ក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទ មានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលា ក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។ ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវ អំពីការសម្រេចរបស់ ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើ ពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ”។

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើបណ្តាញ សង្គម កាលពីយប់ថ្ងៃទី១២ ខែមករាថាៈ “ទីបំផុតដី និងផ្ទះដែលជាសម្បត្តិរដ្ឋ ត្រូវបានលោកគង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើ ពុករលួយ ធ្វើការជាមួយលោកគង់ គាំ និងគ្រួសាររយៈពេល ៣ ម៉ោងកន្លះ។ កុំឲ្យយប់យូរ សុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេស ដែលអាចធ្វើនាសប្តាហ៍ក្រោយ”៕ V / N