ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ប្ល៊ុមប៊ឺក)៖ ប្រធានការិយាល័យស្ថិតិជាតិចិន លោកកាង យី(Kang Yi)បាននិយាយកាលពីថ្ងៃអង្គារទី១៧មករាថា ប្រជាជនគួរកុំបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាពលរដ្ឋចិន និងថាការផ្គត់ផ្គង់កម្លាំងពលកម្មនៅតែហួសសេចក្តីត្រូវការនៅឡើយទេ។
ការអះអាងរបស់មន្ត្រីចិនកើតឡើងចំពេលការិយាល័យស្ថិតិជាតិចិននៅថ្ងៃអង្គារនេះបានបញ្ចេញទិន្នន័យដោយបង្ហាញថាត្រឹមចុងឆ្នាំ២០២២ ចិនមានប្រជាជន១,៤១ពាន់លាននាក់តិចជាងឆ្នាំ២០២១ចំនួន៨៥០.០០០នាក់។វាកត់សំគាល់ការធ្លាក់ចុះចំនួនប្រជាជនចិនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៦១ ដែលជាឆ្នាំចុងក្រោយនៃមហាវិបត្តិទុរ្ភិក្សក្រោមការដឹកនាំរបស់ម៉ៅ សេទុង។
ចំនួនប្រជាពលរដ្ឋចិនបានចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២២ជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍មកនេះ ដែលវាជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រមួយសំរាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងលោកមួយនេះ ហើយអាចជួបវិបត្តិប្រជាសាស្ត្រធ្ងន់ធ្ងរមួយ។
ការិយាល័យបាននិយាយថា ទារកទារិកាប្រមាណ៩,៥៦លាននាក់បានកើតនៅឆ្នាំ២០២២ ដោយចុះពីចំនួន១០,៦២លាននាក់កាលពីមួយឆ្នាំមុន ។វាជាអត្រាកំណើតក្មេងទាបបំផុតនៅចិនចាប់តាំងពីឆ្នាំ១៩៥០ ទោះជារដ្ឋាភិបាលខិតខំលើកទឹកចិត្តអោយគ្រួសារចិនមានកូនច្រើនឡើងក្តី។
ការិយាល័យបានបន្ថែមទៀតថាមនុស្សសរុប១០,៤១លាននាក់បានស្លាប់ ដោយកើនលើសពីចំនួនស្លាប់ប្រមាណ១០លាននាក់ក្នុងមួយឆ្នាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចិនបានជួបកំណើននៃការស្លាប់ដោយកូវីដ១៩ចាប់តាំងពីខែមុនមកក្រោយអាជ្ញាធរលុបចោលវិធានការគ្រប់គ្រងកូវីដដ៏តឹងរឹង។ការស្លាប់ដោយកូវីដ១៩ច្រើនទៀតទំនងជានឹងកើតមាននៅឆ្នាំ២០២៣នេះចំពេលការឆ្លងរាលដាលនៅបន្តកើតមានពាសពេញប្រទេសនៅឡើយ។
ការធ្លាក់ចុះចំនួនប្រជាជនចិនលឿនជាងការរំពឹងទុកពីមុន និងអាចបង្អាក់ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិន។ដោយសារតែការធ្លាក់ចុះនេះ ចិនឥឡូវកំពុងតស៊ូខ្លាំងដើម្បីវ៉ាដាច់អាម៉េរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយលើលោក និងងារប្រទេសមានប្រជាជនច្រើនបំផុតក្នុងលោកអាចធ្លាក់ទៅឥណ្ឌាឆ្នាំនេះ៕
កាលពីឆ្នាំ២០១៩ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយបានព្យាករណ៍ថាចំនួនប្រជាពលរដ្ឋចិននឹងឡើងដល់កំពូលនិងចុះមកវិញនៅឆ្នាំ២០៣១ តែឆ្នាំមុនបានកែប្រែវិញដោយថាចំនួនខ្ពស់បំផុនិងធ្លាក់ចុះមកវិញនេះនឹងចាប់ផ្តើមនៅឆ្នាំ២០២២