ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកស្រី អូឡេណា ហ្សេលេនស្កា (Olena Zelenska)បានមកដល់ស្វីសដើម្បីកៀរគរការគាំទ្រសម្រាប់អ៊ុយក្រែនពីឥស្សរជនពិភពលោកនៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងដាវូស (Davos)។
ជំទាវទីមួយអ៊ុយក្រែនបានមកដល់ទីក្រុងហ្ស៊ូរីច (Zurich) កាលពីថ្ងៃចន្ទទី១៦មករា នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំលើកទី ៥២ នៅទីក្រុងរមណីយដ្ឋានជិះស្គីលំដាប់ខ្ពស់នេះ ដែលមានការចូលរួមពីមេដឹកនាំពិភពលោកនិងមហាសេដ្ឋីអាជីវកម្មជាច្រើនរូប។
លោកស្រីរំពឹងធ្វើសុន្ទរកថានៅថ្ងៃអង្គារនេះ ខណៈក្រុមមន្ត្រីអ៊ុយក្រែនផ្សេងទៀតនឹងនិយាយនៅវេទិកានេះដើម្បីបង្កើនសាមគ្គីកាន់តែខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលនេះកន្លែងដែលកំពូលមហាសេដ្ឋីរុស្ស៊ីទាំងអស់បានអវត្តមាន។
វេទិកា WEFធ្លាប់ជាកន្លែងបង្កើតកិច្ចព្រមព្រៀងយ៉ាងសប្បាយសម្រាប់ពួកមហាសេដ្ឋីរុស្ស៊ីប៉ុន្តែចាប់តាំងពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនមកកិច្ចប្រជុំវិនិយោគនិងពិធីជប់លៀងហ៊ឹកហ៊ាក់ជាមួយអ្នកនយោបាយ នាយកប្រតិបត្តិ និងអ្នកសិក្សាស្រាវជ្រាវរុស្ស៊ីលែងមានទៀតហើយ។
ផ្ទុយទៅវិញ សម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ុយក្រែនមកពីបណ្តាប្រទេសតំបន់បាល់ទិក បណ្តាប្រទេសតំបន់ន័រឌីក និងអឺរ៉ុបខាងកើត រួមជាមួយនឹងសហភាពអឺរ៉ុប និងមេដឹកនាំណាតូកំពុងចូលរួមនៅមុនកិច្ចប្រជុំចង្អៀតនៅទីក្រុងរ៉ាំស្តាញ (Ramstein) ប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រខាងមុខ ដែលគួរតែឃើញការសន្យាផ្តល់អាវុធទំនើបៗបន្ថែមទៀតដល់អ៊ុយក្រែន។
លោកស្រីហ្សេលេនស្កាបានចុះពីយន្តហោះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបំផ្លាញប្លុកផ្ទះល្វែងជនស៊ីវិលនៅទីក្រុងឌីនីប្រូ (Dnipro) ដោយសម្លាប់មនុស្ស ៤០ នាក់។
ទន្ទឹមនឹងនេះ នៅថ្ងៃដដែល រុស្ស៊ីនិងបេឡារូសបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដែលបង្កឱ្យមានការបារម្ភនៅក្នុងទីក្រុងគៀវនិងលោកខាងលិចថារដ្ឋាភិបាលក្រុងមូស្គូអាចប្រើប្រាស់សម្ពន្ធមិត្តរបស់ខ្លួនដើម្បីបើកការវាយលុកថ្មីនៅអ៊ុយក្រែន៕
លោកស្រីហ្សេលេនស្កាមកដល់ស្វីសកាលពីថ្ងៃចន្ទសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស