ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU)គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

វគ្គបណ្តុះបណ្តាលនេះ គឺមានការចូលរួម ដោយលោក ហេង រតនា អគ្គនាយកស៊ីម៉ាក លោក ណូហ្សូមូ យ៉ាម៉ាស៊ីតា (Nozomu Yamashita ) ប្រធាននាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាព នៅទីស្នាក់ការJICAទីក្រុងត្យូក្យូ ព្រមទាំងលោក វ្លាឌីស្លាវ ហ្វេដឺសូវ ( Vladyslav Fedortsov)តំណាងមជ្ឈមណ្ឌលអន្តរតំបន់បោសសម្អាតមីនមនុស្សធម៌ និងការឆ្លើយតបគ្រាអាសន្នSESU ។

នៅក្នុងឱកាសនោះ លោក ហេង រតនា បានជំរាបជូនអ្នកចូលរួមអំពីប្រវត្តិសង្គ្រាមនិងទុក្ខសោកវេទនាដ៍ខ្លោចផ្សាបំផុតដោយសារសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងជាពិសេសអំពីការខិតខំនិងការលះបង់របស់សម្តេចតេជោ ជាអគ្គមគ្គុទេសឯកនៃនយោបាយឈ្នះ-ឈ្នះ និងជាស្ថាបនិកឯកសន្តិភាព ដែលបាននាំប្រទេសនិងប្រជាជនកម្ពុជាទទួលបានសន្តិភាព និងការឯកភាពជាតិមួយពេញលេញពិតប្រាកដ មួយ ដែលកម្ពុជាមិនធ្លាប់មានឱកាសបែបនេះជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យអង្គភាពស៊ីម៉ាក់ផ្តល់ការហ្វឹកហ្វឺនជំនាញបច្ចេកទេសវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការបង្កើតវគ្គហ្វឹកហ្វឺននេះ។

អ្នកជំនាញការដែលបានចូលរួមកម្មវិធីនេះ គឺមានកម្ពុជា ជប៉ុន អ៊ុយក្រែន និង ប៉ូឡូញ ។ N