ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានទទួលការជួបសម្តែងការគួរសម និងជម្រាបលា ពីលោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ ហើយក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្មោះផ្លូវ ក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវពីរខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី។

លោក ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវពីរខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេសខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។ ផ្លូវពីរខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ និងវិថីអាលីអាឡាតាស់  ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួនពីរខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនោះគឺវិថីស៊ូកាណូ និងវិថីអាលីអាឡាតាស់  ។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេង ក៏បានលើកឡើងពីការរីកចំម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ។លោកបញ្ជាក់ថា៖ រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕ N