ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចឱ្យក្រុមការងារបច្ចេកទេសលើកគម្រោងធ្វើការជួសជុលស្តារឡើងវិញជាបន្ទាន់នូវផ្លូវ ស្ពាន លូ ដែលរងការខូចខាតដោយ សារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ឡើងវិញបានជាបណ្ដោះអាសន្ន។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទនិងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ បានដឹកនាំក្រុមកាងារបច្ចេកទេសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្តនិងគមនាគមន៍ដែលរងការខូចខាត នៅក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅកម្មវិធីខាងលើថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងទៅនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវស្ពានលូនៅក្នុងឃុំទាំង៧ រួមមានឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មរនិងឃុំពានីស្រុកសាមគ្គីមានជ័យ ដោយមានផ្លូវជនបទចំនួន១២ខ្សែប្រវែងសរុប៧៨.៥៦០ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTមាន២ខ្សែប្រវែង៣៧.៤០០ម៉ែត្រ លិចទឹកប្រវែង៣.១០០ម៉ែត្រនិងខូចតាមជើងទេរប្រវែង២.២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមរងការខូចខាតមានចំនួន១០ខ្សែ ប្រវែងសរុប៤១.១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង៣៣.១០០ម៉ែត្រនិងហូរច្រោះខូចជើងទេរមានប្រវែង៣.២៤០ម៉ែត្រ ។ ស្ពានមួយកន្លែងនិងលូដោះទឹកចំនួន៣កន្លែង រងការខូចខាត។
លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថាចំពោះផ្លូវ ស្ពាន លូ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនេះក្រុមការងារបច្ចេកទេស នៃក្រសួងអភិ វឌ្ឍន៍ជនបទត្រូវលើកគម្រោងធ្វើការជួសជុលស្តារឡើងវិញជាបន្ទាន់ ។ ឯស្ពានដែលដាច់មិនអាចធ្វើដំណើរបាន ក្រសួងនឹងធ្វើការជួសជុលបន្ទាន់ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរា ចរណ៍បានជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗនេះ៕/R