ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នៅកសិដ្ឋានមួយនៅជិតទីក្រុងហាណូយ លោក ឡេ វ៉ាន់ហៀន (Le Van Hien) ជ្រើសរើសមាន់ល្អបំផុតក្នុងចំណោមហ្វូង “មាន់ជើងនាគ” របស់គាត់ដែលជាពូជមាន់ជើងក្រាស់ប៉ុនដុំឥដ្ឋ ដែលអាចលក់បានរហូតដល់ ២.០០០ ដុល្លារក្នុងមួយក្បាល។
ជើងដ៏ក្រាស់របស់មាន់សុងតាវ (Dong Tao) ដែលដាក់ឈ្មោះតាមឃុំមួយដែលវាបង្កាត់ពូជនៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាត់ទុកជាអាហារដ៏ឆ្ងាញ់បំផុតហើយជាពិសេសពេញនិយមក្នុងចំណោមអ្នកមានទ្រព្យស្តុកស្តម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលហៅថា តេត (Tet)។
មាន់ទម្ងន់បួនគីឡូក្រាមដ៏មានតម្លៃរបស់លោកហៀន ដែលជើងដ៏ធំសម្បើមរបស់វាមានប្រហែលមួយភាគប្រាំនៃទម្ងន់ខ្លួនរបស់វា ត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥០ ដុល្លារប៉ុន្តែវាតែងមានតម្លៃខ្ពស់ជាងមុន ១០ ដងអំឡុងចូលឆ្នាំថ្មី។ មាន់ខ្លះថែមទាំងចូលរួមក្នុងការប្រកួតសម្រស់មាន់ទៀតផង។
លោកហៀនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គន្លឹះនៃរសជាតិដ៏ឆ្ងាញ់របស់មាន់នេះគឺរបបអាហារពោតនិងស្រូវ និង សេរីភាពដើររបស់វា។
ទោះបីជាមេមាន់ពងត្រូវបានរក្សាទុកក្នុងទ្រុងដែកក៏ដោយ ក៏ប៉ុន្តែមាន់ដែលបង្កាត់ពូជសម្រាប់យកសាច់ត្រូវបានឱ្យដើរហើរក្នុងសួនតូចមួយ។
លោកហៀន ដែលបានចិញ្ចឹមមាន់នាគជាង ១៥ ឆ្នាំ បាននិយាយថា “មាន់កាន់តែដើរច្រើន សាច់ដុំកាន់តែខ្លាំងនិងកាន់តែធំ”។
សាច់សុងតាវ ដែលអាចឡើងដល់ ១០ គីឡូក្រាម មានតម្លៃថ្លៃព្រោះសាច់របស់វាហាប់ណែននិងមានរសជាតិឆ្ងាញ់ មិនសូវមានខ្លាញ់៕
មានជើងនាគរបស់វៀតណាមត្រូវប៉ាន់ខ្លាំងអាចលក់បានដល់ ២.០០០ ដុល្លារក្នុងមួយក្បាលក្នុងឱកាសចូលឆ្នាំថ្មី