ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យ មជ្ឈដ្ឋានអ្នកតាមដាននយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨- ឈ១- ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ២០២៣ របស់ចៅក្រមស៊ើបសួរ។
អ្នកខ្លះគ្រាន់តែឮនិងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ។ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។
មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាតប្រយោជន៍របស់គេ។
អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ដែលភាសាច្បាប់ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការសន្យារបស់គាត់ហើយឬនៅ?។នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល វាមិនមែន។ជារឿងនយោបាយឡើយ ។ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? ។
តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើង ទេ? ជាក់ស្តែងណាស់ តាមសាវតាដែលដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកនយោបាយ លោកក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាង ហ្វាងកាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសង ថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោក លេងល្បែងនៅកាស៊ីណូជា ច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។
អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេហើយរិតតែមិនមានទៀតនៅពេលអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃនិងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេសជាតិ ត្រូវការពង្រឹងនិងគោរព គោលការណ៍នីតិរដ្ឋនិងយុត្តិធម៌សង្គមទាំងអស់គ្នា។
លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផលដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។
ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តីរបស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ និងធ្វើឱ្យ សាធារណៈជនដែលមិនបាន តាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។
ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូច បង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀតទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមាន ស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕សរន
ដោយ : ម្ចាស់ស្រុក