ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះ យោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាព ពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការ សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើង អំពីសមិទ្ធផល គួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេង ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ ។

លោកស្រី ក៏បានថ្លែងអំណរគុណក្រៃលែង ដល់ក្រុមការងារពីក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធ ក៏ដូចជា បងប្អូនតំណាងឱ្យអ្នករងផលប៉ះ ពាល់ ដោយសារជំងឺរបេង ដែលបានចូលរួមគាំទ្រ យ៉ាងសកម្ម និងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន រាល់សកម្មភាពការងារ នាពេលកន្លង និងសូមឱ្យមានការចូលរួម យ៉ាងសស្រាក់សស្រាំ បន្តទៀត ដើម្បីឈានទៅសម្រេចបាន លើការបញ្ចប់ ការរាតត្បាតជំងឺរបេង នាឆ្នាំ២០៣០ ខាងមុខនេះ ៕/V/R