ដោយៈ បូកគោ / កំពតៈ មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានអះអាង ថាៈ កីឡាករបាល់ទាត់ល្បីៗរបស់កម្ពុជា ភាគច្រើន កើតចេញពីថ្នាលបណ្តុះ ក្នុងខេត្តកំពត ខណៈដែលខេត្តនេះ មានឈ្មោះល្បីផ្នែកកីឡា តាំងពីអំឡុងទសវត្សរ៍ ទី៨០ មកនោះ។ បច្ចុប្បន្ន ពន្លកកីឡាករវ័យក្មេងជាច្រើនរូប បាននិងកំពុងរីកដុះ ដាលដែលអាចក្លាយជាកីឡាករល្បីៗ នាថ្ងៃអនាគត។

ផ្តល់កិច្ចសម្ភាសន៍ ក្នុងពិធីសម្ពោធទីលានបាល់ទាត់ និងសាលាទម្រង់ទិស នៃវិទ្យាល័យព្រះរាជសម្ភារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក ណុប ណាប់ ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំខេត្តកំពត បានរៀបរាប់ ថាៈ កីឡាករបាល់ទាត់ជម្រើសជាតិល្បីៗ ភាគច្រើន កើតចេញពីថ្នាលបណ្តុះ ក្នុងខេត្តកំពត។ វិស័យកីឡាបាល់ទាត់ នៅខេត្តកំពត មានឈ្មោះបោះសំឡេង តាំងពីទសវត្សរ៍ទី៨០មក។ បច្ចុប្បន្ន កីឡាករវ័យក្មេង ជាច្រើនរូប ក៏នៅបានរក្សា កេរ្តិ៍ឈ្មោះ នៃភាពល្បីល្បាញផ្នែកកីឡាបាល់ទាត់ដដែល។

លោកប្រធានការិយាល័យ បានបន្តថាៈ ក្រោមកិច្ចផ្តួចផ្តើម និងយកចិត្តទុកដាក់ របស់ក្រសួងអប់រំ និងមន្ទីរ ពិសេសសហព័ន្ធបាល់ទាត់កម្ពុជា បានជួយជំរុញដល់ វិស័យបាល់ទាត់ខេត្តកំពត កាន់តែរីកចម្រើនថែមទៀត។ សព្វថ្ងៃ កីឡាករខេត្តកំពត វ័យក្មេងៗ បាននិងកំពុងហ្វឹកហាត់ ក្នុងក្លិបអាជីពល្បីៗមួយចំនួន ខណៈដែល សិស្សានុសិស្ស ក៏មានការចូលរួមលេងបាល់ទាត់ យ៉ាងផុលផុស និងក្នុងបរិមាណ ច្រើនជាងមុនទៀតផង។

លោក ណុប ណាប់ បានបញ្ជាក់ឱ្យដឹងទៀតថាៈ បច្ចុប្បន្ន ខេត្តកំពត​មានទីលាន បាល់ទាត់ វាលស្មៅសិប្បនិមិត្តិ ជាច្រើនកន្លែង ទាំងក្នុងទីរួមខេត្ត រហូតដល់ភូមិ ឃុំ នៅតាមស្រុក ដែលធ្វើឱ្យកុមារា កុមារី សិស្សានុសិស្ស ព្រមទាំងយុវជន មានភាពងាយស្រួល សម្រាប់ហ្វឹកហាត់ និងលេងកម្សាន្ត។

ក្នុងពិធីសម្ពោធនេះដែរ លោក ស៊ីវ ផេង អភិបាលរងខេត្តកំពត បានក្រើនរំលឹកថាៈ ក្រៅពីការរៀនសូត្រ សូមសិស្សានុសិស្សទាំងអស់ ចូលរួមលេងកីឡា ឱ្យបានច្រើន។ ការលេងកីឡា នឹងទទួលបាននូវសុខភាពល្អ ស្មារតីឈ្លាសវៃ បង្កើនមិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន ផងដែរ៕ V / N