ដោយបាយ័ន/សៀមរាបៈ នៅរសៀលថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ អាជ្ញាធរមីនកម្ពុជា បានប្រារព្ធធ្វើពិធីប្រកាសក្រុងសៀមរាប និង ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង និងជាស្រុកអស់មីន ក្រោមអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេសអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន និង បណ្តាអង្គទូត ព្រមទាំងអ្នកជំនាញជាច្រើនរូប ។​

លោក លី ធុជ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ ។ ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការសុំរៀនសូត្ររបស់ប្រទេសអ៊ុយក្រែន អំពីបច្ចេកទេសដោះមីនរបស់កម្ពុជា ដើមី្បធ្វើការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួនដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។

ជាមួយគ្នានោះលោកបានគូសបញ្ជាក់ថា ខេត្តសៀមរាប ផ្ទៃដីដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានទំហំ ៥០គីឡូម៉ែត្រក្រឡា ក្នុងស្រុកចំនួន១០ នៃខេត្តសៀមរាប ដែលត្រូវស្វែងរកម្ចាស់ជំនួយ ដើមី្បក្រុមប្រតិបត្តិករយើង ធ្វើការបោសសម្អាត ។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏មានសុទិដ្ឋិនិយមថា ឆ្ពោះទៅមុខជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់មីនឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឲ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈ និងស្មារតីដល់អាជ្ញាធរមីន ដើម្បីអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ ។

លោក បានបញ្ជាក់ថា កម្ពុជា នៅសេសសល់កន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រ ក្រឡា ហើយនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូម៉ែត្រក្រឡា ដែលនឹងធ្វើឲ្យខេត្តចំនួន១២ នឹងក្លាយជាខេត្តអស់គ្រាប់មីន និង រហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា ដោយមានការជួយជ្រោមជ្រែងពីបណ្តារ ប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូរជាច្រើន មកដល់ពេលនេះ ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះផ្សេងៗ ត្រូវបានបោសសម្អាតស្ទើទូទាំងប្រទេស ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៩២រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់អង្គភាពប្រតិបត្តិករ ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន CMAC , Halo Trust និង អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្កាមីនលើផ្ទៃដីសរុប ៨៨.១៣០.៩៥៥ម៉ែត្រក្រឡា ស្មើនឹង៨.៨១៣ហិកតា និង រកឃើញមីនថ្មើជើង ចំនួន ២១.៤៣៩គ្រាប់ ,មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះសល់ពីសង្រ្គាមគ្រប់ប្រភេទមាន ចំនួន១១៤.៤៥៨ គ្រាប់ ។ ក្នុងនោះអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល សរុបចំនួន ៥៣៩.១៤៨ នាក់ ។ ក្នុងនោះយើងបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រទ្បាញ់ ដែលនឹងត្រូវប្រកាសបញ្ចប់ពេលនេះ ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ រដ្ឋបាលខេត្ត គ្រោងនឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន ចំនួន ១២២ទីតាំង លើផ្ទៃដី សរុបចំនួន ៩.៦៤.៨៤៧ ម៉ែត្រក្រឡាផងដែរ ៕ N