ដោយបាយ័ន/សៀមរាបៈ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​នេះ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាបបានបើកសម្ភោធក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញអមដំណើរ ដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីជាច្រើនរូបទៀត ។

លោកស្រី ភឿង សកុណា បានឲ្យដឹងថា សំណង់អគារនេះត្រូវបានសង់ឡើងនៅលើដីដែល មានផ្ទៃក្រឡាសរុបចំនួន ១៩​.៩៤៧ ម៉ែត្រក្រឡា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានានៃអគារនិងទីតាំងប្រើប្រាស់ចាំបាច់មានចំនួន១៦ ប្រភេទ មានទំហំសរុបចំនួន ១.៧០៨ ម៉ែត្រក្រឡាដែលសាងសង់ដោយក្រុមហ៊ុន ប៊ី ប៊ី្រលលាន ប៊ីលឌើរ ដែលសាងសង់អស់រយៈពេល២៤ខែដោយប្រើប្រាស់ថវិកាបានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។

សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និង អង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពសំដៅ កែលម្អឡើងវិញនិងពង្រីក ទេសភាពបៃតងដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការជម្រុញ និងផ្តួចផ្តើមគំនិតនូវការ ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម មិនរៀបរយ សាងសង់នៅកៀកជិតប្រាសាទអង្គរវត្ត អាចនឹងប៉ះពាល់ដល់ស្រទាប់បុរាណវិទ្យានៅក្រោមដី ។

សម្តេចក្រឡាហោមបានបន្តថា អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌ មានភាពស្រស់ស្អាត តាមរចនាបថ តាមទម្រង់ស្ថាបត្យកម្មខ្មែរ សាមញ្ញ បង្កប់នូវភាពថ្លៃថ្នូរ ស័ក្តិសមជាសមិទ្ធផលថ្មី នៃអត្តសញ្ញាណជាតិ ដែលនឹងជួយបង្កើនសោភណ្ឌភាពរមណីយដ្ឋានអង្គរផ្តល់ភាពងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចនិងផាសុកភាព ជូនកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្នុងការថែរក្សា ការពារ រមណីយដ្ឋានអង្គរដែលជាមរតកដូនតាមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ និង ប្រជាជនកម្ពុជា។សម្តេចក្រឡាហោមក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនជូនអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និង អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងប្រសិទ្ធភាព និង ភាពរលូននៃកិច្ចសហការការងារ មួយចំនួន គឺ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការឱ្យបានជាដាច់ខាត ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។ អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការពារ​ អាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។ ត្រូវបង្កើនការអប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិសំដៅបង្ការ និងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ផ្សេងៗទៀត ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់ជាអំណោយដល់កម្លាំងនគរបាល ការពារបេតិកភណ្ឌ នូវប៉ុស្តិ៍យាមប្រចាំការតាមគោលដៅចំនួន១០ នូវទោចក្រយានយន្តចំនួន២០គ្រឿង សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរ ហើយ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ជាអំណោយនូវ ទោចក្រយាន ចំនួន៥០គ្រឿង និងអាវយឺត ចំនួន៥០០អាវ បន្ថែមផងដែរ ៕ N